ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរិះគន់សហរដ្ឋអាមេរិកជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយអូស្ត្រាលី ដែលបានចុះហត្ថលេខាក្រោមភាពជាដៃគូ AUKUS ក្នុងឆ្នាំ ២០២១ ជាអ្វីដែលប្រទេសឯកាមួយនេះ ហៅថាជាការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់។

សេចក្ដីអត្ថាធិប្បាយរបស់សារព័ត៌មាន KCNA បាននិយាយថាទីក្រុងវ៉ាស៊ីនតោន គួរតែប្រុងប្រយ័ត្នចំពោះផលវិបាកនៃអ្វីដែលពួកគេហៅថាសម្ព័ន្ធភាពនុយក្លេអ៊ែរ។ ពួកគេបានដាក់ឈ្មោះថា AUKUS ក៏ដូចជាកិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង និងជប៉ុន។

ប្រទេសអូស្ត្រាលីទើបតែបានចាយប្រាក់ចំនួន ៥០០ លានដុល្លារអាមេរិក ជាការចំណាយលើកដំបូងរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនាវាមុខទឹកដើរដោយថាមពលនុយក្លេអ៊ែរAUKUS។
AUKUS នឹងមើលឃើញអូស្ត្រាលីចំណាយ ៣ ពាន់លានដុល្លារឲ្យទៅសហរដ្ឋអាមេរិកដើម្បីបង្កើនសមត្ថភាពឧស្សាហកម្មនាវាមុជទឹក។បន្ទាប់មកទីក្រុងវ៉ាស៊ីនតោននឹងលក់នាវាមុជទឹកប្រភេទ Virginia-class ដើរដោយថាមពលនុយក្លេអ៊ែរជាច្រើនគ្រឿងទៅអូស្ត្រាលីនៅដើមទសវត្សរ៍ឆ្នាំ ២០៣០។
អាមេរិកក៏បានអះអាងដែរថា កូរ៉េខាងជើងគឺជាឧបសគ្គចំពោះអនុត្តរភាពរបស់ខ្លួនក្នុងតំបន់ ហើយបាននិយាយថា រដ្ឋមានអាវុធនុយក្លេអ៊ែរនេះ នឹងមិនត្រូវមើលរំលងឡើយ។
កូរ៉េខាងជើងរិះគន់កិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងកូរ៉េខាងត្បូង និងជប៉ុន ហើយបានហៅ សម្ព័ន្ធត្រីភាគីនេះថាជាអង្គការណាតូនៅតំបន់អាស៊ី។
គួររម្លឹកថា សម្ព័ន្ធភាពសន្តិសុខត្រីភាគី AUKUS មានសមាជិកចំនួន៣ប្រទេស គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី៕