ក្រុមហាម៉ាស បានផ្តល់សញ្ញាកាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ថា ខ្លួនមានឆន្ទៈដោះលែងចំណាប់ថ្នូរនៅសល់ទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាក្នុងការដោះដូរនៅពេលតែមួយក្នុងអំឡុងដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ដែលកំពុងបន្ត។ អ៊ីស្រាអែល និងក្រុមហាម៉ាស បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការអនុវត្តដំណាក់កាលទី១ នៃបទឈប់បាញ់ដ៏ផុយស្រួយ ដែលបានធ្វើឡើងចាប់តាំងពីចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា ទោះបីជាមានការចោទប្រកាន់ពីការបំពានលើភាគីទាំងពីរ ក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បាននិយាយ ថា កិច្ចពិភាក្សានឹងចាប់ផ្តើម «ក្នុងសប្តាហ៍នេះ» ស្តីពីដំណាក់កាលទីពីរ ដែលត្រូវបានគេរំពឹងថានឹងដាក់ចេញការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក Taher al-Nunu បាននិយាយទៅកាន់សារព័ត៌មាន AFP ថា «យើងបានផ្តល់ព័ត៌មានដល់អ្នកសម្របសម្រួលថា ក្រុមហាម៉ាស បានត្រៀមរួចជាស្រេចដើម្បីដោះលែងចំណាប់ថ្នូរទាំងអស់ ក្នុងដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង។
លោកពុំបានបញ្ជាក់ថាតើចំណាប់ថ្នូរប៉ុន្មាននាក់ដែលត្រូវបានក្រុមហាម៉ាស ឬក្រុមសកម្មប្រយុទ្ធផ្សេងទៀតឃុំខ្លួននៅពេលបច្ចុប្បន្ននេះទេ។

នៅក្រោមដំណាក់កាលទី១នៃបទឈប់បាញ់ ចំណាប់ថ្នូរអ៊ីស្រាអែល១៩នាក់ ត្រូវបានដោះលែងដោយក្រុមសកម្មប្រយុទ្ធរហូតមកដល់ពេលនេះ ជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីនជាង១.១០០នាក់ដែលត្រូវបានដោះលែងពីពន្ធនាគារអ៊ីស្រាអែលនៅក្នុងការដោះដូរជាបន្តបន្ទាប់ដែលត្រូវបានសម្របសម្រួលដោយកាកបាទក្រហម។