អនុប្រធានាធិបតីអាមេរិក លោក J.D. Vance កាលពីថ្ងៃពុធ (១៩ កុម្ភៈ) បានព្រមានប្រធានាធិបតីអ៊ុយក្រែន ប្រឆាំងនឹងការវាយប្រហារពាក្យសម្ដីលើប្រធានាធិបតីអាមេរិក លោក Donald Trump ដោយនិយាយថា "ការនិយាយអាក្រក់" ពីលោក Trump នៅទីសាធារណៈនឹងក្លាយជារឿងដ៏សោកស្ដាយ ហើយនឹងរងប្រតិកម្មតបវិញយ៉ាងខ្លាំងក្លា។

លោក Vance បានព្រមានបែបនេះទៅកាន់សារព័ត៌មាន DailyMail ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodomyr Zelenskiy បានចោទលោក Trump ថាកំពុងរស់នៅក្នុងពិភពព័ត៌មានមិនពិត ដែលបង្កើតឡើងដោយរុស្ស៊ី។

លោក Vance បានលើកឡើងអំឡុងពេលបទសម្ភាសន៍នោះថា "គំនិតដែលថាលោក Zelenskiy អាចកែប្រែចិត្តគំនិតលោកប្រធានាធិបតី Trump តាមរយៈការនិយាយមិនល្អពីលោកជាសាធារណៈនោះ ជាវិធីសាស្រ្តដ៏អាក្រក់មួយក្នុងការទប់ទល់ជាមួយនឹងរដ្ឋបាលនេះ។ អ៊ុយក្រែននឹងស្ដាយក្រោយដែលធ្វើបែបនោះ ហើយនឹងរងប្រតិកម្មតបវិញយ៉ាងចាស់ដៃ"។

ភាសាដ៏តានតឹងរបស់ភាគីទាំងសងខាងនេះ កើតឡើងនៅពេលវេលាដ៏សំខាន់ក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ខណៈលោក Trump ជំរុញឱ្យមានដំណោះស្រាយឆាប់រហ័សក្នុងជម្លោះមួយនេះ៕