កងទ័ពមកពីបណ្តាប្រទេសសម្ព័ន្ធយោធាNATO បានចូលរួមក្នុងសមយុទ្ធយោធានៅឯមូលដ្ឋានមួយកន្លែងក្នុងប្រទេសរ៉ូម៉ានី កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ខណៈសម្ព័ន្ធមិត្តបានធ្វើសមយុទ្ធចូលរួមដោយទាហានរាប់ពាន់នាក់ និងយានយន្តជាច្រើនគ្រឿង។

សមយុទ្ធដែលមានឈ្មោះថា «Steadfast Dart 2025» នឹងមានរយៈពេលរហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ហើយរួមមានទាហានប្រហែល ១០.០០០នាក់មកពីប្រទេសប៊ុលហ្គារី បារាំង ក្រិក អ៊ីតាលី រូម៉ានី អេស្ប៉ាញ ស្លូវេនី ទួរគី និងចក្រភពអង់គ្លេស។
យោងតាមអង្គការណាតូបានឲ្យដឹងថា សមយុទ្ធនេះ គឺជាការដាក់ពង្រាយទ្រង់ទ្រាយធំលើកដំបូងនៃកងកម្លាំងប្រតិកម្មដែលជាសម្ព័ន្ធមិត្ត(ARF)របស់សម្ព័ន្ធយោធាណាតូ ហើយមានបំណងបង្ហាញពីសមត្ថភាពរបស់ណាតូក្នុងការពង្រាយកងកម្លាំងឲ្យបានយ៉ាងឆាប់រហ័សដើម្បីពង្រឹងស្លាបខាងកើតរបស់ខ្លួន។
ឧត្តមនាវីឯកអាមេរិក លោក Stuart B. Munsch បាននិយាយថា កម្លាំងនឹងជួយ «ការពារគ្រប់អ៊ីញាំងអស់នៃទឹកដីរបស់សម្ព័ន្ធមិត្ត»។

មេដឹកនាំសហភាពអឺរ៉ុប បានបើកកិច្ចពិភាក្សាបន្ទាន់មួយកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ដោយអំពាវនាវឱ្យមានការចំណាយខ្ពស់ ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ទ្វីបនេះ ខណៈខ្វែងគំនិតគ្នាពីការដាក់ពង្រាយកងរក្សាសន្តិភាពទៅកាន់ប្រទេសអ៊ុយក្រែន។
ចក្រភពអង់គ្លេស ប្រទេសស៊ុយអែត និងអាល្លឺម៉ង់ បាននិយាយថា ពួកគេបើកទូលាយក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ប្រទេសអ៊ុយក្រែន ដោយផ្តល់អាណត្តិច្បាស់លាស់ និងអាចទទួលយកបាន។ ប៉ុន្តែមន្ត្រីជាច្រើនបានសង្កត់ធ្ងន់ថា ពួកគេនឹងពិចារណាការបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកផ្តល់ការធានាសន្តិសុខ។