នៅពេលដែលរុស្ស៊ី និងសហរដ្ឋអាមេរិក ជជែកពិភាក្សាគ្នាអំពីអនាគតរបស់អ៊ុយក្រែន បណ្តាប្រទេសនៅសមុទ្របាល់ទិក កំពុងបង្កើនការត្រៀមលក្ខណៈរបស់ខ្លួនសម្រាប់ជម្លោះយោធា ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងថា ទីក្រុងមូស្គូកំពុងរៀបចំធ្វើសង្រ្គាមនាពេលអនាគតជាមួយសម្ព័ន្ធយោធាណាតូ។

បណ្តាប្រទេសនៅសមុទ្របាល់ទិក បានចេញផ្សាយរបាយការណ៍ចារកម្មសម្ងាត់ ដែលព្រមានពីផែនការរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងការពង្រីកជម្លោះយោធាទៅកាន់ទ្វីបអឺរ៉ុប ខណៈដែលរុស្ស៊ី និងអាមេរិក បានពិភាក្សាគ្នានៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងសប្តាហ៍នេះ អំពីជោគវាសនានៃជម្លោះនៅអ៊ុយក្រែន។

ចារកម្មសម្ងាត់បរទេសរបស់អេស្តូនី បានព្រមានថា រុស្ស៊ីកំពុងពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងមធ្យោបាយមួយដែល "ត្រៀមសម្រាប់លទ្ធភាពនៃសង្គ្រាមនៅពេលអនាគតជាមួយអអ្គការណាតូ"។ ជាមួយគ្នានេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ដាណឺម៉ាក ក៏បានព្យាករថា រុស្ស៊ីនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្គ្រាមទ្រង់ទ្រាយធំនៅអឺរ៉ុប ក្នុងរយៈពេលត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ ប្រសិនបើខ្លួនយល់ថាសម្ព័ន្ធយោធាណាតូចុះខ្សោយ។
ប្រទេសឡាតវី លីទុយអានី និងអេស្តូនី សុទ្ធតែជាអតីតរដ្ឋសូវៀត ហើយមានព្រំប្រទល់ដីគោកជាមួយរុស្ស៊ី។ យោងតាមចារកម្មសម្ងាត់របស់ឡាតវី បានឱ្យដឹងថា នៅក្នុងសេណារីយ៉ូបែបនេះ រុស្ស៊ីនឹងអាចស្តារកម្លាំងយោធារបស់ខ្លួនឡើងវិញបានគ្រប់គ្រាន់ ដើម្បីបង្កការគំរាមកំហែងដល់ណាតូក្នុងពេល ៥ឆ្នាំ៕