អង្គការពាណិជ្ជកម្មពិភពលោក(WTO) បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈថា កិច្ចពិភាក្សាស្តីពីភាពតានតឹងពាណិជ្ជកម្មសកល គឺជាការ «ស្ថាបនា» បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដែលបានគ្របដណ្តប់លើគោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។

អ្នកនាំពាក្យរបស់អង្គការ WTO លោក Ismaila Dieng បាននិយាយថា ភាគច្រើននៃប្រទេសទាំង៦ ដែលបានមកចូលរួមក្នុងកិច្ចពិភាក្សា បានផ្តោតលើភាពវឹកវរពាណិជ្ជកម្ម ដែលបានបង្កើនការព្រួយបារម្ភអំពីភាពតានតឹងពាណិជ្ជកម្មកំពុងកើនឡើង ហើយបានអំពាវនាវឱ្យមានភាពអត់ធ្មត់។

សហរដ្ឋអាមេរិក នីការ៉ាហ្គ័រ ណាមីប៊ី ម៉ាឡេស៊ី ទ្រីនីដាដ តូបាហ្គោ និងប្រទេសរុស្ស៊ី បានចូលរួមក្នុងការពិភាក្សានេះ។ ប្រទេសចិន ដែលបានថ្កោលទោសការដំឡើងពន្ធ ឬការគំរាមកំហែងធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃអង្គារ ទី១៩ ខែ កុម្ភៈ បាននិយាយថា «ភាពភ្ញាក់ផ្អើលពីការដំឡើពន្ធ» បែបនេះ អាចប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពិភពលោក នៅក្នុងការព្រមានមួយដែលត្រូវបានច្រានចោលថាជាការមិនស្មោះត្រង់របស់ទីក្រុងវ៉ាស៊ីនតោន។
លោក Trump បានប្រកាសដំឡើងពន្ធ ១០% លើការនាំចូលពីប្រទេសចិនទាំងអស់ ដែលជំរុញឱ្យទីក្រុងប៉េកាំង ឆ្លើយតបដោយការដំឡើងពន្ធសងសឹក និងដាក់បណ្តឹងទៅអង្គការ WTO ប្រឆាំងទីក្រុងវ៉ាស៊ីនតោន ជាអ្វីដែលអាចជាការសាកល្បងដំបូងនៃជំហររបស់លោក Trump ចំពោះស្ថាប័ននេះ។