ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញពីភាពអត់ធ្មត់ចំពោះមេដឹកនាំសហភាពអឺរ៉ុបក្នុងទំនាក់ទំនងទៅវិញទៅមក។ លោក ពូទីន ក៏បាននិយាយផងដែរថា អឺរ៉ុបកំពុងស្ថិតក្នុង «ភាពកញ្ជ្រោលខ្លាំង» ចំពោះការចរចាររវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ដោយនិយាយថា សហរដ្ឋអាមេរិក និងរុស្ស៊ី ពុំចាំបាច់មានការសម្របសម្រួលនោះទេ។

កាលពីពេលមុន លោក ពូទីន បាននិយាយថា អ៊ុយក្រែននឹងពុំត្រូវបានដកចេញពីការចរចាដើម្បីបញ្ចប់សង្រ្គាមនោះទេ ប៉ុន្តែភាពជោគជ័យនឹងអាស្រ័យលើការបង្កើនកម្រិតនៃការជឿទុកចិត្តគ្នារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។
លោក ពូទីន បាននិយាយមួយថ្ងៃបន្ទាប់ពីរុស្ស៊ី និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នាលើកដំបូង អំពីរបៀបបញ្ចប់ជម្លោះរយៈពេលបីឆ្នាំមកនេះថា វានឹងត្រូវការពេលវេលាដើម្បីរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

លោក បានកោតសរសើរលទ្ធផលនៃកិច្ចប្រជុំ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលរុស្ស៊ី និងសហរដ្ឋអាមេរិក បានព្រមព្រៀងតែងតាំងក្រុមចរចាស្តីពីអ៊ុយក្រែន និងបានពិភាក្សាអំពីវិធីដើម្បីកំណត់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ដែលវិមានក្រឹមឡាំងបានពណ៌នាថាកម្រិត «ក្រោមសូន្យ» ក្រោមការដឹកនាំរបស់អ្នកកាន់តំណែងមុនលោកTrump គឺលោក Joe Biden ។