ក្រុមមេដឹកនាំអឺរ៉ុប និងមេដឹកនាំផ្សេងៗទៀត បានបើកកិច្ចពិភាក្សាជុំទីពីររបស់ខ្លួនទាក់ទងនឹងស្ថានភាពប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ។ ប្រទេសបារាំង បានកោះប្រជុំ ដោយអ្នកចូលរួមជាច្រើនបានចូលរួមតាមរយៈបណ្តាញអ៊ីនធឺណិត។ ក្រុមមេដឹកនាំចូលរួម រួមមានទាំងរដ្ឋតំបន់បាល់ទិក ប្រទេសន័រវេស ហ្វាំងឡង់ និងកាណាដាជាសមាជិកសម្ព័ន្ធយោធាណាតូ ដែលពុំបានចូលរួមក្នុងកិច្ចប្រជុំលើកទី១ កាលពីថ្ងៃចន្ទ។

បន្ទាប់ពីកិច្ចពិភាក្សា ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅលើបណ្តាញសង្គមថា អ្នកចូលរួមបានព្រមព្រៀងបន្តគាំទ្រប្រទេសអ៊ុយក្រែន និងទទួលខុសត្រូវក្នុងការធានាបានសន្តិភាព និងសន្តិសុខ នៅអឺរ៉ុប។
លោក Macron បានសង្កត់ធ្ងន់ថា អឺរ៉ុប និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មានគោលបំណងរួមក្នុងការបញ្ចប់ការប្រយុទ្ធគ្នានៅប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីបារាំង បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនឹងបន្ត ដោយផ្អែកលើគោលការណ៍ដែលធានាឱ្យមានការចូលរួមរបស់អ៊ុយក្រែន និងសន្តិភាពយូរអង្វែងដោយការធានាដ៏រឹងមាំ និងគួរឱ្យទុកចិត្ត។
លោក Macron បាននិយាយពីតម្រូវការសម្រាប់ប្រទេសនានាក្នុងការបង្កើនការចំណាយ និងសមត្ថភាពរបស់ពួកគេសម្រាប់វិស័យការពារជាតិ និងសន្តិសុខ។ លោកបាននិយាយបន្ថែមថា ការសម្រេចចិត្តលើផែនការនេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។