នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ម្សិលមិញនេះ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកម្មវិធី ប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូនិធិជាតិជំនួយសង្គម និងសាខាមូនិធិជនពិការ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាច្រើនរូបទៀត។
នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញចុះទស្សនកិច្ចរោងជាងស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះវិហារ និងជួបសំណេះសំណាលជាមួយជនពិការ និងបានចែកអំណោយដល់គ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រចំនួន ៥០គ្រួសារ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តម ក្នុងនោះមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេះ, ត្រីខ ០១យួរ, ទឹកស៊ីអីវ ០១យួរ, ទឹកត្រី០១យួរ, អំបិល ០១គីឡូក្រាម, ស្ករស ០១គីឡូក្រាម, ប្រេងក្រឡា ០១ថត, វីតាមីនសម្រាប់កុមារ ០១យួរ និងថវិកាចំនួន ០៥ម៉ឺនរៀល។
បន្ទាប់មកឯកឧត្តម ក៏បានអញ្ជើញទស្សនកិច្ច និងនាំយកអំណោយចុះសាកសួរសុខទុកក្មួយៗនៅមណ្ឌលកុមារកំព្រា ខេត្តព្រះវិហារ និងបានអញ្ជើញចុះទៅប្រគល់ផ្ទះ ០១ខ្នង រួមនិងអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់ជនមានពិការភាព រស់នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕













