ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបង្ហាញខ្លួននៅតុលាការក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍ (២០ កុម្ភៈ) នេះ សម្រាប់សវនាការលើកដំបូងនៃការកាត់ទោសព្រហ្មទណ្ឌរបស់លោក ជុំវិញការចោទប្រកាន់ពីបទបះបោរ ខណៈមេធាវីតំណាងរបស់មេដឹកនាំដែលត្រូវផ្អាកពីអំណាចរូបនេះ ទាមទារឱ្យដោះលែងលោកពីពន្ធនាគារ។

តុលាការបានស្តាប់អំណះអំណាងមេធាវីរបស់លោក Yoon ដើម្បីលុបចោលការឃុំខ្លួនរបស់លោក ខណៈពួកគេបានប្រកែកថា ការស៊ើបអង្កេតលើការបះបោរ ត្រូវបានធ្វើឡើងក្នុងលក្ខណៈខុសច្បាប់ ហើយថាពុំមានហានិភ័យដែលថាលោក Yoon ព្យាយាមបំផ្លាញភស្តុតាងនោះទេ។

គួររម្លឹកថា រដ្ឋអាជ្ញាកាលពីខែមុន បានចោទប្រកាន់ជាផ្លូវការលើលោក Yoon បន្ទាប់ពីចោទលោកពីបទដឹកនាំការបះបោរ ជាមួយនឹងការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែធ្នូ។ នៅពេលនេះ លោក Yoon កំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល។

ការចោទប្រកាន់នេះគឺមិនធ្លាប់មានពីមុនមកទេសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងកាន់តំណែង ហើយប្រសិនបើត្រូវបានកាត់ទោស លោក Yoon អាចប្រឈមមុខនឹងការជាប់ពន្ធនាគារជាច្រើនឆ្នាំ សម្រាប់ក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ដែលបានធ្វើឱ្យប្រទេសនេះ និងអន្តរជាតិភ្ញាក់ផ្អើល៕