ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឱ្យដឹងថា ពលរដ្ឋរហូតដល់ជាង ៣៥ម៉ឺននាក់ ត្រូវបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនៅក្នុងដំណើរការចុះឈ្មោះ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតរយៈពេល ៣៤ថ្ងៃកន្លងមកនេះ។
គ.ជ.ប. បានប្រកាសឱ្យដឹងបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចេញនៅថ្ងៃនេះ បន្ទាប់ពីដំណើរការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំនេះ ត្រូវបានធ្វើឡើងអស់រយៈពេល ៣៤ថ្ងៃរួចមកហើយនោះ។
គ.ជ.ប. បានបញ្ជាក់ថា មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតរហូតដល់ ៣៥៨,៤០៣នាក់ហើយ បានចុះឈ្មោះបោះឆ្នោតថ្មីគិតចាប់តាំងពីដំណើរការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានចាប់ផ្ដើមកាលពីថ្ងៃទី១២ ខែតុលាកន្លងមកនេះ។
ក្រៅពីពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី គ.ជ.ប. បានឱ្យដឹងផងដែរថា ពលរដ្ឋរហូតដល់ ១៧១,២១៦នាក់ផ្សេងទៀត ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ខណៈពលរដ្ឋ ១៤០, ៩៨៤នាក់ទៀត ត្រូវបានកែតម្រូវទិន្នន័យ។
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ នឹងបញ្ចប់ទៅនៅត្រឹមចុងខែវិច្ឆិកានេះ៕


