យោងតាមរបាយការណ៍ និងវីដេអូបានឱ្យដឹងថា ក្រុមបាតុករប្រឆាំងអ៊ីស្រាអែល មួយក្រុមបានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងតំបន់សម្បូរជនជាតិជ្វីហ្វរស់នៅ ក្នុងទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៨ កុម្ភៈ) ដែលនាំឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សា និងភាពវឹកវរយ៉ាងតានតឹង។

ការប៉ះទង្គិចគ្នាជាច្រើនបានផ្ទុះឡើង នៅពេលដែលក្រុមអ្នកតវ៉ាបានស្រែកថា "ពួកជ្វីហ្វនិយមទៅឋាននរកទៅ" ហើយបានគ្រវីទង់ជាតិប៉ាឡេស្ទីន នៅក្នុងការតវ៉ានៅសង្កាត់លំនៅឋាន Borough Park ក្នុងតំបន់ Brooklyn របស់ក្រុងញូវយ៉ក។ តំបន់លំនៅឋាននេះត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយសារចំនួនប្រជាជនជ្វីហ្វកាន់សាសនាគ្រិស្តយ៉ាងច្រើន។

ការតវ៉ានេះត្រូវបានដឹកនាំដោយក្រុមសកម្មជនប្រឆាំងនឹងអ៊ីស្រាអែលឈ្មោះថា "Pal-Awda" ដែលបាននិយាយថា ពួកគេកំពុងសម្រុកទៅ Borough Park ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការលក់ "ទឹកដីប៉ាឡេស្ទីនដែលត្រូវបានលួច" នេះបើយោងតាមគណនីបណ្ដាញសង្គម Instagram របស់ក្រុមនេះ។

ខ្សែវីដេអូបង្ហាញពីការប៉ះទង្គិចដ៏ហិង្សាជាច្រើនបានផ្ទុះឡើង ខណៈក្រុមបាតុករស្រែកគំហកដាក់គ្នាទៅវិញទៅមក។ ការតវ៉ាប្រឆាំងអ៊ីស្រាអែល បានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក ស្របពេលមានសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារភេរវកម្មដឹកនាំដោយក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕