អ៊ីស្រាអែល និយាយថា ខ្លួននឹងរក្សាទុកកងទ័ពរបស់ខ្លួននៅក្នុងផ្នែកខ្លះនៅភាគខាងត្បូងប្រទេសលីបង់ ហួសពីកាលបរិច្ឆេទដែលត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហេសបូឡាស៊ីអ៊ីតមូស្លីម។ កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានអំពាវនាវឱ្យយោធាប្រទេសលីបង់ ដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់ នៅថ្ងៃទី១៨ ខែកុម្ភៈ ខណៈកងកម្លាំងអ៊ីស្រាអែលដែលបាននិងកំពុងវាយលុកលើដែនដីនេះ នឹងដកកងទ័ពចេញ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ជាថ្ងៃផុតកាលបរិច្ឆេទ។ លោក Saar បានចោទប្រកាន់ក្រុមហេសបូឡា ពីការខកខានមិនបានអនុវត្តតាមកិច្ចព្រមព្រៀងទាំងស្រុង និងបាននិយាយថា កងទ័ពអ៊ីស្រាអែល នឹងបន្តនៅក្នុងទីតាំងចំនួនប្រាំកន្លែងនៅភាគខាងត្បូងប្រទេសលីបង់។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីលីបង់ បាននិយាយថា ពួកគេ «ចាត់ទុកការបន្តវត្តមានរបស់អ៊ីស្រាអែល នៅក្នុងទំហំអ៊ីញណាមួយនៃទឹកដីលីបង់ គឺជាការដណ្តើមកាន់កាប់»។ មេដឹកនាំក្រុមហេសបូឡាលោក Naim Qassem កាលពីថ្ងៃអាទិត្យក៏បានទាមទារឱ្យមានការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញ ផងដែរ។
កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសនៅក្នុងប្រទេសលីបង់ ទោះបីជាស្ថិតក្នុងអំឡុងពេលបទឈប់បាញ់ក៏ដោយ ដោយអះអាងថាមានការបំពានលើកិច្ចព្រមព្រៀងដោយក្រុមហេសបូឡា។