អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ភ័ស្តុតាងនៃស្ថានភាពទុរ្ភិក្ស ត្រូវបានរកឃើញនៅក្នុងតំបន់យ៉ាងហោចណាស់ចំនួន៥នៃរដ្ឋ North Darfur និងរដ្ឋ South Kordofan ប្រទេសស៊ូដង់ ដែលរងការបំផ្លាញដោយសង្រ្គាម។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា «មានភស្តុតាងសមហេតុផលនៃស្ថានភាពទុរ្ភិក្សនៅក្នុងតំបន់ចំនួន៥នៅប្រទេសស៊ូដង់។
លោក Dujarric បាននិយាយថា ការកំណត់អំពីទុរ្ភិក្ស ត្រូវបានធ្វើឡើងដោយ គណៈកម្មាធិការពិនិត្យគ្រោះទុរភិក្សនៃគំនិតផ្តួចផ្តើមចាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀង(IPC)។

លោកបាននិយាយបន្តថា «មានរបាយការណ៍អំពីមនុស្សស្លាប់ដោយភាពអត់ឃ្លាននៅតំបន់មួយចំនួនដូចជា Darfur, Kordofan និងទីក្រុង Khartoum។ បច្ចុប្បន្ន មនុស្សប្រហែល ៦៣៨.០០០ នាក់ ត្រូវបានបញ្ជាក់ថាស្ថិតក្នុងស្ថានភាពអត់ឃ្លានដ៏មហន្តរាយ។
អ្នកនាំពាក្យបាននិយាយថា កំណត់ត្រាមួយ កុមារចំនួន៤,៧លាននាក់ ដែលមានអាយុក្រោម៥ឆ្នាំ និងស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន និងក្មេងស្រីជាច្រើននាក់ កំពុងរងគ្រោះពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ អង្គការសហប្រជាជាតិ អំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ឈប់បាញ់គ្នា និងដាក់ផលប្រយោជន៍របស់ប្រជាជន ជាចម្បង។
លោក Dujarric បាននិយាយថា មានតម្រូវការបន្ទាន់ដើម្បីពង្រីកដំណើរការ និងបើកច្រករបៀងថ្មី ទាំងឆ្លងកាត់ព្រំដែន និងឆ្លងកាត់សមរភូមិជម្លោះ ដើម្បីផ្តល់ជំនួយនិងជួយសង្គ្រោះប្រជាជនមិនឲ្យស្លាប់ដោយតែភាពអត់ឃ្លាន។