អាជ្ញាធរអប់រំរបស់ប្រទេសបុតស្វាណា ជាប្រទេសនៅអាហ្វ្រិកភាគខាងត្បូង បានបញ្ជាឱ្យបិទសាលារៀនបណ្តោះអាសន្ន ដោយសារតែមានការរំខានក្នុងការដឹកជញ្ជូនសិស្ស បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។

លោកស្រី Nono Kgafela Mokoka រដ្ឋមន្ត្រីក្រសួងសុខុមាលភាពកុមារនិងអប់រំមូលដ្ឋាន បាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្លូវភាគច្រើន និងបានកាត់ផ្តាច់ផ្លូវមួយចំនួន ដែលធ្វើឱ្យសិស្ស មិនអាចធ្វើដំណើរទៅ និងមកពីសាលារៀនបាន។

លោកស្រីនិយាយថា ការបិទបណ្តោះអាសន្ននឹងចូលជាធរមានចាប់ពីថ្ងៃទី២០ ខែកុម្ភៈនេះ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ដោយបញ្ជាក់ថា ស្ថានភាពនេះនឹងត្រូវបានតាមដាននិងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត នៅសប្តាហ៍ក្រោយ។
ប្រទេសបុតស្វាណា បាននិងកំពុងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្តាលឱ្យមានទឹកជំនន់ដ៏គំហុកនៅទូទាំងប្រទេស។
ភ្លៀងធ្លាក់ពេលបច្ចុប្បន្ន ត្រូវបានគេរំពឹងថានឹងបន្តកើតមានពេញមួយសប្តាហ៍នេះ ហើយអាចបន្តរហូតដល់ចុងខែកុម្ភៈ ដោយមានកម្រិតទឹកភ្លៀង៥០មីលីម៉ែត្រ ឬទំនងជានឹងបន្តក្នុងរយៈពេល២៤ ម៉ោងខាងមុខ នៅតាមតំបន់មួយចំនួនរបស់ប្រទេស។