ស្ទឹងត្រែង ៖ អ្នកទោសពីរនាក់ចុងក្រោយក្នុងចំណោម៧នាក់ ដែលបានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីដើមសប្ដាហ៍មុននោះ ត្រូវបានចាប់ខ្លួនមកវិញហើយនៅថ្ងៃនេះ ដូច្នេះមកដល់ថ្ងៃនេះ អ្នកទោសទាំង ៧នាក់ ដែលបានរត់ចេញពីគុកខេត្តស្ទឹងត្រែង ត្រូវបានចាប់ខ្លួនមកវិញអស់ហើយ។
ក្រោយរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង អស់រយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា នេះ អ្នកទោស៧នាក់ មកដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនមក វិញទាំងអស់ហើយ ដែលថ្ងៃនេះ គឺចាប់បានពីរនាក់ចុងក្រោយ នៅលើកោះហិប ក្នុងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ជិប ហួរ នាយរងសេនាធិការប្រតិបត្តិការសឹករងស្ទឹងត្រែង។
កម្លាំងសមត្ថកិច្ចចម្រុះ ចាប់តាំងពីថ្ងៃដែលអ្នកទោសរត់ចេញពីគុក គឺបានខិតខំប្រឹងប្រែងក្នុងការ តាមប្រមាញ់ចាប់យកអ្នកទោសទាំងនេះមកវិញ រហូតប្រតិបត្តិការបានសម្រេចនៅថ្ងៃនេះ។
អ្នកទោសទាំងពីរនាក់ ដែលត្រូវបានចាប់ខ្លួនមកវិញនៅថ្ងៃនេះ ទី១ ឈ្មោះ សៀន ខន ឈ្មោះសៀន ខន ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៣០ឆ្នាំ ទី២ ឈ្មោះ ឡាវ៉ាន់ កាវង់ផេង ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស២៨ឆ្នាំ ។ ចំណែកអ្នកទោសប្រាំនាក់ទៀត មានដូចជា ទី១ ឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរបទល្មើស សមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិត្តទោស៣០ឆ្នាំ។ ទី២ ឈ្មោះ វ៉ាន់ ភូ ជនជាតិខ្មែរ បទល្មើសជួញដូរដោយខុសច្បាប់នៅសារធាតុញៀន មានកម្រិតទោស២៨ឆ្នាំ។ ទី៣ ឈ្មោះ ភិត ងិន ជនជាតិឡាវ មានកម្រិតទោសប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៤ឆ្នាំ។ ទី៤ ឈ្មោះ ចាក់លឺ ឆឺតាលី ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នៅសារធាតុញៀន មានកម្រិតទោសមួយជីវិត និង ទី៥ ឈ្មោះ ហន វិមាន ជនជាតិខ្មែរ បទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើទារុណកម្មយ៉ាងឃោរឃៅ មានកម្រិតទោស២៧ឆ្នាំ។
ក្រោយពីមានករណីអ្នកទោសហែកគុករត់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបង្កើតឲ្យមានក្រុមការងាចុះអធិការកិច្ច អង្កេតស្រាវជ្រាវទៅលើករណីនេះ ហើយក្រុមការងារនេះ ក៏បាននឹងកំពុងធ្វើការលើរឿងនេះដែរ៕
អត្ថបទ៖ មាស ផល្លា


