បេសកជនចិន បាននិយាយកាលពីថ្ងៃពុធថា ការជំរុញដំណើរការនយោបាយ គឺជាអាទិភាពមួយ នៅក្នុងប្រទេសលីប៊ី ជាទីដែលទីក្រុងចំនួន ៦៣ កំពុងរៀបចំការបោះឆ្នោតក្នុងស្រុកជុំថ្មី ហើយក្រុមប្រឆាំងមួយចំនួន បានចុះហត្ថលេខាលើធម្មនុញ្ញសន្តិភាព និងការផ្សះផ្សាជាតិ។
នៅក្នុងសុន្ទរកថានៅក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសលីប៊ី (UNSMIL) លោក Geng Shuang តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅUN បានថ្លែងថា ក្នុងរយៈពេលខាងមុខនេះ ភាគីនានានៅក្នុងប្រទេសលីប៊ី ត្រូវ ពន្លឿនវឌ្ឍនភាព ក្នុងវិស័យសំខាន់ៗ ដូចជាការរៀបចំការបោះឆ្នោតជាតិដោយសន្តិវិធី ការបង្កើតស្ថាប័នរដ្ឋបង្រួបបង្រួម និងការសម្រេចបាននូវការផ្សះផ្សាជាតិ បញ្ចប់ភាពខ្វែងគំនិតគ្នា និងបង្កើនការជឿទុកចិត្ត ដើម្បីត្រួសត្រាយផ្លូវសម្រាប់ស្ថិរភាពយូរអង្វែង នៅក្នុងប្រទេសនេះ។
ឯកអគ្គរដ្ឋទូតចិនរូបនេះ បាននិយាយថា នៅក្នុងដំណើរការនេះ សហគមន៍អន្តរជាតិ ត្រូវគោរពការដឹកនាំរបស់ប្រជាជនលីប៊ី និងចៀសវាងការជ្រៀតជ្រែកពីខាងក្រៅដែលមិនសមរម្យ ដោយបានបន្ថែមថា ប្រទេសចិន បានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះ UNSMIL បានបង្កើតគណៈកម្មាធិការប្រឹក្សាមួយទាក់ទងនឹងការបោះឆ្នោតជាតិរបស់ប្រទេសលីប៊ី ហើយសង្ឃឹមថា UNSMIL នឹងពង្រឹងទំនាក់ទំនងជាមួយភាគីនានា ក្នុងប្រទេសលីប៊ី និងដាក់ចេញនូវសំណើជាក់ស្តែងនៃការបោះឆ្នោត និងដោះស្រាយបញ្ហា ចម្រោងចម្រាសផ្សេងៗ។
លោក Geng បានសង្កត់ធ្ងន់ថា ការកែលម្អស្ថានភាពសន្តិសុខ នៅក្នុងប្រទេសលីប៊ី នៅតែជាកត្តាចាំបាច់ ព្រោះថា ស្ថានភាពសន្តិសុខទាំងមូលនៅក្នុងប្រទេសនេះ នៅមានភាពផុយស្រួយ។ ប្រទេសចិនស្វាគមន៍កិច្ចប្រជុំលើកដំបូងនៅឆ្នាំនេះនៃគណៈកម្មការយោធារួម ៥+៥ នៅទីក្រុងគែរនៃប្រទេសអេហ្ស៊ីប ហើយអំពាវនាវឲ្យភាគីនានា ប្រកាន់ខ្ជាប់នូវបទឈប់បាញ់ដែលបានទទួលជោគជ័យ និងចៀសវាងពីសកម្មភាពឯកតោភាគី ដែលអាចនាំឲ្យមានភាពតានតានតឹងកើនឡើង។