ភ្នំពេញ៖ កម្ពុជាបានរកឃើញពលរដ្ឋជាង ១៧ភាគរយនៃចំនួនពលរដ្ឋសរុបរបស់ខ្លួន បានរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅចន្លោះឆ្នាំ២០១៩-២០២០កន្លងមកនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងផែនការបានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រឆ្នាំ២០១៩-២០២០ នៅត្រឹមការរកប្រាក់ចំណូលបាន ១០ ៩៥១រៀលក្នុងមួយថ្ងៃ។
ក្រសួងផែនការបញ្ជាក់ថា ពលរដ្ឋកម្ពុជា ១៧,៨% នៃប្រជាជនកម្ពុជាសរុប បានរស់នៅក្រោមបន្ទាត់ភាពក្រីក្រ នេះបើតាមខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ ដែលត្រូវបានកំណត់ឡើងនៅក្នុងទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជាឆ្នាំ២០១៩-២០២០។
ក្រសួងផែនការបានបញ្ជាក់លម្អិតថា បន្ទាត់ភាពក្រីក្រនៅរាជធានីភ្នំពេញ គឺគិតត្រឹមប្រាក់ចំណូល ១០ ៩៥១រៀល ដែលពលរដ្ឋម្នាក់រកបាន ខណៈបន្ទាត់ភាពក្រីក្រនៅតាមទីប្រជុំជនដទៃទៀត គឺគិតត្រឹមប្រាក់ចំណូល ៩ ៥៧១រៀល ហើយសម្រាប់តំបន់ជនបទវិញ គឺគិតត្រឹមប្រាក់ចំណូល ៨ ៩០៨រៀលក្នុងមួយថ្ងៃ។
បើតាមក្រសួងផែនការ ពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅរាជធានីភ្នំពេញ មានអត្រា ៤,២ភាគរយ ខណៈអត្រាភាពក្រីក្រនៅតាមទីប្រជុំជនផ្សេងទៀត មានកម្រិត ១២,៦ភាគរយ ហើយអត្រាភាពក្រីក្រនៅតាមតំបន់ជនបទមានរហូតដល់ ២២,៨ភាគរយ៕
