ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយ បន្ទាប់ពីជំនួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកប្រទេសរុស្ស៊ី និងអ៊ុយក្រែន លោក Keith Kellogg ថា តំណាងអាមេរិកបានជូនដំណឹងដល់ថ្នាក់ដឹកនាំប៉ូឡូញថា ទីក្រុងវ៉ាស៊ីនតោន មិនមានបំណងកាត់បន្ថយវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសប៉ូឡូញ ឬអឺរ៉ុបទាំងមូលនោះទេ។
លោក Duda បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានចេញផ្សាយដោយសារព័ត៌មាន TVP Info ថា៖«យើងត្រូវបានគេសន្យាថា មិនមានចេតនាកាត់បន្ថយសកម្មភាព នៅក្នុងផ្នែករបស់យើងនៃទ្វីបអឺរ៉ុប ឬកាត់បន្ថយកម្លាំងរបស់បុគ្គលិកយោធានោះទេ»។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានជំរុញឲ្យអឺរ៉ុបទទួលខុសត្រូវលើវិស័យការពារជាតិរបស់ខ្លួន។ ចំពោះរឿងនេះ និងសេចក្តីថ្លែងការណ៍ផ្សេងទៀតពីមន្ត្រីរដ្ឋបាលរបស់សហរដ្ឋអាមេរិក អឺរ៉ុបមានការការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងកាត់បន្ថយការប្រឈមមុខនឹងយោធារបស់ខ្លួន ទោះបីជាសេតវិមាន មិនបានប្រកាសជាផ្លូវការនូវផែនការបែបនេះក៏ដោយ។ បច្ចុប្បន្នមានទាហានអាមេរិកជិត ១០ម៉ឺននាក់ ឈរជើងនៅអឺរ៉ុប ក្នុងនោះមានប្រមាណ១០.០០០នាក់ នៅប្រទេស ប៉ូឡូញ។