នគរបាលឥណ្ឌា នៅតំបន់កាស្មៀរដែលមានជម្លោះ បានវាយឆ្មក់ចូលបណ្ណាគាររាប់សិបកន្លែង និងបានរឹបអូសសៀវភៅរាប់រយក្បាលរបស់អ្នកប្រាជ្ញឥស្លាម ដែលបង្កឲ្យមានប្រតិកម្មខឹងសម្បាពីក្រុមមេដឹកនាំ មូស្លីម។
នគរបាល បាននិយាយថា ការស្វែងរក គឺផ្អែកលើ «ព័ត៌មានសម្ងាត់ដែលអាចជឿទុកចិត្តបាន ទាក់ទងនឹងការលក់ដ៏អាថ៌កំបាំងនិងការចែកចាយអក្សរសិល្ប៍ ដែលលើកកម្ពស់មនោគមន៍វិជ្ជារបស់អង្គការមួយ ដែលបានត្រូវហាមឃាត់»។
មន្ត្រីមិនបានប្រាប់ឈ្មោះអ្នកនិពន្ធទេ ប៉ុន្តែម្ចាស់បណ្ណាគារជាច្រើន បាននិយាយថា ពួកគេបានរឹបអូសអក្សរសិល្ប៍របស់អតីតអ្នកនិពន្ធលោក Abul Ala Maududi ជាស្ថាបនិកនៃគណបក្សនយោបាយឥស្លាម Jamaat-e-Islami។
តំបន់កាស្មៀរ ត្រូវបានបែងចែករវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីពួកគេ ទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេស ក្នុងឆ្នាំ ១៩៤៧ ហើយប្រទេសទាំងពីរ បានអះអាងទាមទារទឹកដីហិម៉ាឡៃទាំងអស់។
ក្រុមឧទ្ទាមដែលទាមទារសេរីភាពនៅតំបន់កាស្មៀរ ឬការរួមបញ្ចូលគ្នាជាមួយប៉ាគីស្ថាន បានប្រយុទ្ធជាមួយកងកម្លាំងឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយ ដោយមនុស្សរាប់ម៉ឺននាក់ បានស្លាប់ នៅក្នុងជម្លោះនេះ។
រដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី( Narendra Modi) បានហាមឃាត់សាខានៃគណបក្ស Jamaat-e-Islami នៅតំបន់កាស្មៀរ ក្នុងឆ្នាំ ២០១៩ ថា ជា «សមាគមខុសច្បាប់»។
ទីក្រុងញូវដែលី បានបន្តការហាមឃាត់កាលពីឆ្នាំមុនសម្រាប់អ្វីដែលខ្លួនបាននិយាយថា ជា «សកម្មភាពប្រឆាំងនឹងសន្តិសុខ បូរណភាព និងអធិបតេយ្យភាព» របស់ប្រទេសឥណ្ឌា។