ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ៣នាក់ បានរងរបួស និង ៨នាក់ទៀត ត្រូវបានចាប់ខ្លួន អំឡុងពេលការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើតំបន់វេសបែង (West Bank)។
យោងតាមទីភ្នាក់ងារនេះ យុវជនពីរនាក់ បានរងរបួស នៅក្នុងសង្កាត់ Beit Furiq ភាគខាងកើតទីក្រុង Nablus ។ ជនជាតិប៉ាឡេស្ទីនម្នាក់ទៀត បានរងរបួស ដោយគ្រាប់កាំភ្លើង នៅក្នុងសង្កាត់ Tell ភាគនិរតីនៃទីក្រុង Nablus ជាកន្លែងដែលទាហានអ៊ីស្រាអែល បានឃាត់ខ្លួនអ្នកស្រុកចំនួន ៥នាក់។ ជនជាតិប៉ាឡេស្ទីនពីរនាក់ទៀត រួមទាំងក្មេងជំទង់ម្នាក់ ត្រូវបានឃុំខ្លួន នៅក្នុងជំរំជនភៀសខ្លួន Jenin ហើយជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានចាប់ខ្លួន នៅទីក្រុង Idna ក្នុងខេត្ត Hebron។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ពង្រត់ជនជាតិអ៊ីស្រាអែលជាង ២៤០នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ ស្រាអែលបានប្រកាសបិទតំបន់ហ្កាហ្សាស្ទ្រីបទាំងស្រុង ហើយបានបើកការវាយប្រហារ ជុំវិញដែនដីនេះ។ អរិភាពបានបន្តរហូតដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ នៅពេលដែលបទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក បានចូលជាធរមាន។