នគរបាលអេស្ប៉ាញ បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានរកឃើញផ្លូវរូងក្រោមដី ដែលលាតសន្ធឹងចេញពីទឹកដីម៉ារ៉ុក ទៅដល់តំបន់ Ceuta របស់ប្រទេសអេស្ប៉ាញ ជាផ្នែកមួយនៃប្រតិបត្តិការកំណត់គោលទៅលើការជួញដូរគ្រឿងញៀន ដែលគេសង្ស័យ។
នគរបាល បានបញ្ជាក់ថា ផ្លូវរូងក្រោមដីនេះ ដែលមានប្រវែងរាប់សិបម៉ែត្រ និងជម្រៅ ១២ម៉ែត្រ ត្រូវបានគេរកឃើញ ក្នុងអំឡុងពេលស្វែងរកឃ្លាំងមួយ នៅក្នុងតំបន់ឧស្សាហកម្មនៃតំបន់ Ceuta ដែលជាទឹកដីតូចមួយ ដែលមានទីតាំងនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេភាគខាងជើងនៃប្រទេសម៉ារ៉ុក ទល់មុខប្រទេសអេ ស្ប៉ាញដីគោក។
សេចក្តីថ្លែងការណ៍មួយពីកម្លាំងនគរបាលឆ្មាំស៊ីវិល បាននិយាយថា៖« ផ្លូវរូងក្រោមដី គឺជាសំណង់តូចចង្អៀតមួយទ្រទ្រង់ដោយឈើ ដែលអាចប្រើសម្រាប់ដឹកជញ្ជូនគ្រឿងញៀនរវាងប្រទេសម៉ារ៉ុក និង អេ ស្ប៉ាញ»។
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ បានរាយការណ៍ថា ផ្លូវរូងក្រោមដីនេះ មានប្រវែងយ៉ាងតិច ៥០ម៉ែត្រ ដែលលាតសន្ធឹង នៅខាងក្នុងទឹកដីម៉ារ៉ុក។
ទោះយ៉ាងណាក៏ដោយ ផ្លូវនេះ អាចវែងជាងនេះ ដោយអាជ្ញាធរមិនទាន់អាចកំណត់បានថា តើវាចប់នៅកន្លែងណានោះទេ។ ការរកឃើញនេះ បានកើតឡើង ក្នុងអំឡុងពេលប្រតិបត្តិការមួយ ដែលកំណត់គោលដៅលើក្រុមឧក្រិដ្ឋជនមួយចំនួន ដែលត្រូវបានចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន ដែលដឹកតាមរថយន្តដឹកទំនិញ ចូលទៅក្នុងប្រទេសអេស្ប៉ាញ។