សម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក គឺប្រទេសអូស្ត្រាលី ដែលបានផ្តល់ជំនួយចំនួន ១,៥ពាន់លានដុល្លារអូស្ត្រាលី (ប្រមាណជា ៩៦០លានដុល្លារអាមេរិក) ដល់អ៊ុយក្រែន ក្នុងសង្រ្គាមរបស់ប្រទេសនេះ ជាមួយរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) នេះ បានប្រាប់ថា ទីក្រុងមូស្គូ គឺជាអ្នកលុកលុយ ហើយត្រូវតែដោះស្រាយជម្លោះនេះ តាមលក្ខខណ្ឌរបស់ទីក្រុងគីវ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបរិហារប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថា ជា «ជនផ្តាច់ការ» កាលពីថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) ហើយបានព្រមានលោក Zelenskiy ថា ត្រូវតែចាត់វិធានការឲ្យបានបឆាប់រហ័ស ដើម្បីទទួលបានសន្តិភាព ឬបើមិនដូច្នោះទេ ប្រឈមនឹងហានិភ័យបាត់បង់ប្រទេសរបស់ខ្លួន។
សម្ដីវាយប្រហារខុសពីធម្មតានេះ ពោលគឺមួយថ្ងៃបន្ទាប់ពីលោក Trump បានអះអាងថា អ៊ុយក្រែនគួរត្រូវបានស្តីបន្ទោស ដែលនាំឲ្យមានការលុកលុយរបស់រុស្ស៊ីឆ្នាំ២០២២ បានបង្កើនក្ដីបារម្ភកាន់តែខ្លាំងឡើងៗ ក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក នៅអឺរ៉ុប ដែលថា វិធីសាស្រ្តរបស់លោក Trump ក្នុងការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចផ្តល់ភាពចំណេញដល់ទីក្រុងមូស្គូ។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា ជម្លោះបានបណ្ដាលឲ្យមានការបាត់បង់អាយុជីវិត ក្នុងចំនួនដ៏ច្រើន ប៉ុន្តែសន្តិភាពមិនអាចត្រូវបានឈានដល់ត្រឹមតែលក្ខខណ្ឌណាមួយឡើយ។
លោក Marles បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា៖ «សង្រ្គាម នៅអ៊ុយក្រែន ត្រូវតែត្រូវបានដោះស្រាយតាមលក្ខខណ្ឌរបស់អ៊ុយក្រែន ពីព្រោះអ្នកលុយលុយនៅទីនេះ គឺរុស្ស៊ី ហើយអ្វីដែលយើងឃើញពីហានិភ័យនោះ គឺសុចរិតភាពនៃសណ្ដាប់ធ្នាប់ផ្អែកលើច្បាប់ ពោលគឺសណ្ដាប់ធ្នាប់ផ្អែកលើច្បាប់ជាសកល»។
លោកបានបន្ថែមថា៖ «យើងស្វាគមន៍ការប៉ុនប៉ង ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែវាមិនអាចមានត្រឹមតែលក្ខខណ្ឌណាមួយឡើយ វាត្រូវតែស្ថិតលើលក្ខខណ្ឌរបស់អ៊ុយក្រែន ហើយយើងនឹងបន្តគាំទ្រអ៊ុយក្រែន សម្រាប់លក្ខខណ្ឌនោះ»៕