បុគ្គល ២រូប ដែលបានដឹងអំពីបញ្ហានេះ កាលពីថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) បានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋបាលរបស់លោក Donald Trump អាចនឹងព្យាយាមឈានដល់កិច្ចព្រមព្រៀងរ៉ែមិនមានភាពស្មុគស្មាញមួយ ជាមួយប្រទេសអ៊ុយក្រែន ដើម្បីទទួលបានកិច្ចសន្យាយ៉ាងឆាប់រហ័ស ហើយក្រោយមក ចរចាលក្ខខណ្ឌលម្អិតផ្សេងៗបន្ថែមទៀត ដូចជាចំនួនធនធានដ៏ច្រើនរបស់អ៊ុយក្រែន ដែលអាមេរិកនឹងមានសិទ្ធិកាន់កាប់ជាដើម។
ការលើកឡើងនេះ កើតមានបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបដិសេធសំណើលម្អិតរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ពោលគឺការស្នើដែលអាចឃើញទីក្រុងវ៉ាស៊ីនតោនទទួលបាន ៥០ភាគរយនៃសារធាតុរ៉ែសំខាន់ៗរបស់អ៊ុយក្រែន ដែលរួមមានក្រាហ្វីត អ៊ុយរ៉ាញ៉ូម ទីតាញ៉ូម និងលីចូម ដែលរ៉ែក្រោយគេនេះជាសមាសធាតុដ៏សំខាន់នៅក្នុងអាគុយរថយន្តអគ្គិសនី។ ប្រភពបាននិយាយថា ការច្រានចោលនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ការឈានដល់កិច្ចព្រមព្រៀងពេញលេញ នឹងត្រូវការពេលវេលា។

តែយ៉ាងណាក្ដី ប្រធានាធិបតីអាមេរិក លោក Trump ចង់ឲ្យមានកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន មុនពេលមាននូវលទ្ធភាពដែលនឹងអនុញ្ញាតមានការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកបន្ថែមទៀត សម្រាប់ទីក្រុងគីវ ឬបន្តដំណើរការកិច្ចប្រឹងប្រែងសម្របសម្រួលឲ្យមានការចរចាសន្តិភាពផ្លូវការ រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំ ដែលបណ្តាលមកពីការលុកលុយរបស់ទីក្រុងមូស្គូលើប្រទេសជិតខាងរបស់ខ្លួន។
គួរបញ្ជាក់ថា បេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែនរបស់លោក Trump គឺលោក Keith Kellogg កំពុងស្ថិតនៅក្នុងទីក្រុងគីវ ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងដែលត្រូវបានកែសម្រួល និងអ្វីដែលអ៊ុយក្រែនត្រូវការ ជាថ្នូរនឹងការចុះហត្ថលេខា៕

