សមាជិកសភាបក្សប្រជាធិបតេយ្យរាប់សិបនាក់ កាលពីថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ធ្វើការជាមួយសភា ដើម្បីបន្តសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលនឹងផុតកំណត់នៅឆ្នាំក្រោយ ដោយនិយាយថា សូម្បីតែក្នុងអំឡុងពេលមានភាពតានតឹង កិច្ចព្រមព្រៀងនេះបានកាត់បន្ថយហានិភ័យពីការមានសង្គ្រាមនុយក្លេអ៊ែរ។
បណ្ដាសមាជិកសភា ក្នុងនោះរួមទាំងសមាជិកព្រឹទ្ធសភាអាមេរិក លោក Edward Markey លោក Christopher Murphy និងលោកស្រី Tammy Baldwin បានលើកឡើងថា រដ្ឋបាលរបស់ប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump មានឱកាសជាប្រវត្តិសាស្ត្រ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាកម្រិតខ្ពស់ សម្រាប់ការជំនួសសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ឬ New START ដែលត្រូវផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
សមាជិកសភា បាននិយាយថា វឌ្ឍនភាពអាចកើតមានឡើង ទោះបីជាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងមានសង្រ្គាមរយៈពេល ៣ឆ្នាំជាមួយអ៊ុយក្រែនក៏ដោយ។
នៅក្នុងលិខិតមួយដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reuters សមាជិកសភាបានសរសេររៀបរាប់ថា៖ «យើងថ្កោលទោសការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់លោក Putin ប្រឆាំងនឹងអ៊ុយក្រែន។ តែទោះជាយ៉ាងនេះក្តី សូម្បីតែនៅពេលដែលប្រទេសរបស់យើង មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ក្នុងនោះរួមទាំងក្នុងអំឡុងសង្គ្រាមត្រជាក់ក៏ដោយ ក៏ពួកយើងអាចដោះស្រាយបានដោយការចរចា ដើម្បីនាំពិភពលោកឲ្យគេចផុតពីគ្រោះមហន្តរាយនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា លោក Rubio និងមន្ត្រីរបស់លោក Trump ផ្សេងទៀត បានជួបជាមួយមន្ត្រីរុស្ស៊ី កាលពីថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត សម្រាប់កិច្ចពិភាក្សាបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ហើយបានយល់ព្រមរៀបចំកិច្ចប្រជុំបន្ថែមទៀត៕