បើយោងតាមមន្ត្រីឆាដ និងប្រភពមួយពីការិយាល័យប្រធានាធិបតីកុងហ្គោ បានឲ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានស្នើសុំឲ្យប្រទេសឆាដផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការបះបោរដែលកំពុងកើនឡើងរបស់ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា នៅក្នុងខេត្តភាគខាងកើតប្រទេស។
តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Facebook ការិយាល័យប្រធានាធិបតីរបស់ប្រទេសឆាដ បានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសមាហរណកម្មតំបន់របស់កុងហ្គោ បានជួបជាមួយប្រធានាធិបតីឆាដ លោក Mahamat Idriss Deby Itno កាលពីថ្ងៃអង្គារ (ទី១៨ ខែកុម្ភៈ) ដែលតំណាងឲ្យប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi។

ព័ត៌មានលម្អិតនៃការពិភាក្សាមិនត្រូវបានបង្ហាញឲ្យដឹងឡើយ។ តែមន្ត្រីឆាដម្នាក់ដែលបានដឹងអំពីការពិភាក្សានេះ បាននិយាយថា ឆាដកំពុងពិចារណាលើសំណើសុំជំនួយពីកុងហ្គោ ប៉ុន្តែមិនទាន់សម្រេចនៅឡើយទេ។
ប្រភពមួយពីការិយល័យប្រធានាធិបតីកុងហ្គោ កាលពីថ្ងៃពុធ (ទី១៩ ខែកុម្ភៈ) បានប្រាប់ថា កុងហ្គោបានស្នើសុំការគាំទ្រផ្នែកយោធា និងការទូតពីប្រទេសឆាដ។ ប្រភពទាំង២ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ ពួកគេបដិសេធមិនបញ្ចេញឈ្មោះដោយសារហេតុផលការសម្ងាត់។
អ្នកនាំពាក្យរដ្ឋាភិបាលប្រទេសឆាដ លោក Gassim Cherif មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ កាលពីថ្ងៃពុធ។ ហើយអ្នកនាំពាក្យរបស់ប្រធានាធិបតីកុងហ្គោ លោកស្រី Tina Salama បានប្រាប់ថា លោកស្រីមិនមានព័ត៌មានណាមួយ អំពីបញ្ហានេះទេ៕


