ភ្នំពេញ៖ យោងតាមរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសម្រេចបញ្ចប់តួនាទីភារកិច្ច ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ខេត្តក្រចេះ ចំនួន៣រូប។ ការសម្រេចនេះ ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បន្ទាប់ពីរកឃើញថា បុគ្គលទាំង ៣រូបនេះ មានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ តាមរយៈការបើកដៃឲ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
នៅក្នុងសេចក្តីសម្រេចស្តីពី ការបញ្ចប់តួនាទី ភារកិច្ចឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ បានបង្ហាញឲ្យដឹងថា បុគ្គលទាំង ៣រូបនេះ រួមមានឈ្មោះ ១) លោក សេង កុសល អនុប្រធានប៉ុស្ត៍ឆ្មាំទន្លេ អភិរក្សសត្វផ្សោតកោះផ្តៅ។ ២) លោក កាន វណ្ណៈ សមាជិកប៉ុស្តិ៍ឆ្មាំទន្លេ អភិរក្សសត្វផ្សោតជ្រោយបន្ទាយ និង៣) លោក មួង កែវឡាយ សមាជិកប៉ុស្តិ៍ឆ្មាំទន្លេ អភិរក្សសត្វផ្សោតជ្រោយបន្ទាយ។








