ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ចាប់ឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្នុងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះអាយុ០៦ឆ្នាំ ។
ជនសង្ស័យឈ្មោះ លី សេងថិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន) ។
ក្មេងស្រីរងគ្រោះឈ្មោះ ..... អាយុ ០៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី ក្មេងស្រីរងគ្រោះបានដេកលេងទូរស័ព្ទដៃ នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណែកម្តាយទៅធ្វើការរោងចក្រ ។ ពេលក្មេងស្រីរងគ្រោះកំពុងតែដេកលេងទូរស័ព្ទ ស្រាប់តែជនសង្ស័យឈ្មោះ លី សេងថិន ដែលជាអ្នករាប់អានគ្នាជាមួយម្តាយក្មេងស្រីរងគ្រោះ បានដើរចូលទៅក្នុងបន្ទប់ជួល ដោយឃើញឱកាសល្អ ក៏ធ្វើសកម្មភាពរំលោភបានសម្រេច បណ្តាលឱ្យមានការឈឺចាប់យ៉ាងខ្លាំង រួចក្មេងស្រីរងគ្រោះស្រែកយំ ហើយជនសង្ស័យបានចាប់ខ្ទប់មាត់ក្មេងស្រីរងគ្រោះមិនឱ្យស្រែកយំ ។
ក្មេងស្រីរងគ្រោះមានការឈឺចាប់រហូតសន្លប់លេងដឹងខ្លួន ហើយជនសង្ស័យក៏បានដើរគេចខ្លួនទៅផ្ទះរបស់គេ (ជនសង្ស័យ) វិញ នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង១៨ និង០០នាទី ថ្ងៃខែឆ្នាំដដែល ម្តាយរបស់ក្មេងស្រីរងគ្រោះបានត្រឡប់ពីធ្វើការមកដល់ផ្ទះ ឃើញកូនស្រីដេក ក៏ដាស់ឱ្យភ្ញាក់តែក្មេងស្រីរងគ្រោះមិនភ្ញាក់ រួចម្តាយក្មេងស្រីរងគ្រោះ ក៏បានទុកឱ្យក្មេងស្រីរងគ្រោះនៅដេកបន្ត។ លុះដល់វេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្មេងស្រីរងគ្រោះភ្ញាក់ពីដេក ក៏បាននិយាយរឿងហេតុខាងលើ ប្រាប់ម្តាយឱ្យបានដឹង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
សមត្ថកិច្ច ប្រាប់បន្តថា ក្រោយពីទទួលបានពាក្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចផ្ទះគ្មានលេខ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះប្រាកដមែន ៕
អត្ថបទ ៖ តារាវុទ្ធី

