នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក មូហាអាម៉េដ សៀ អាល់ស៊ូដានី (Mohammed Shia' al-Sudani) កាលពីថ្ងៃពុធ បានអះអាងពីការគាំទ្ររបស់អ៊ីរ៉ាក់សម្រាប់ប្រជាជនលីបង់ រួមទាំងការផ្តល់ប្រេងឥន្ធនៈ។
លោក អាល់ស៊ូដានី បានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីលីបង់របស់ខ្លួន លោក Nawaf Salam ខណៈដែលមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីវិធីពង្រឹងទំនាក់ទំនងទ្វេភាគី និងការវិវឌ្ឍចុងក្រោយបង្អស់ នៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក អាល់ស៊ុដានី។
លោក អាល់ស៊ូដានី បានសន្យាថា អ៊ីរ៉ាក់នឹងបន្តការគាំទ្ររបស់ខ្លួនសម្រាប់ប្រទេសលីបង់ ជាពិសេសក្នុងការផ្តល់ឥន្ធនៈ ដើម្បីជួយលើកកម្ពស់សមត្ថភាពរបស់ប្រទេសនេះ ក្នុងការជម្នះបញ្ហាប្រឈមផ្សេងៗ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
សម្រាប់ផ្នែករបស់ខ្លួន លោក Salam បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោក ក្នុងការពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ាក់ នៅគ្រប់កម្រិត និងគ្រប់វិស័យ ដោយបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់។