កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេស G20 ចាប់ផ្តើមនៅទីក្រុង Johannesburg នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio នឹងមិនចូលរួម ចំពេលមានភាពតានតឹងការទូតរវាងអាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក។
អ្នកការទូតរួមមានរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី (Wang Yi) ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំនេះ ខណៈដែលសហរដ្ឋអាមេរិក នឹងត្រូវបានតំណាង ដោយឯកអគ្គរដ្ឋទូតស្តីទីប្រចាំអាហ្រ្វិកខាងត្បូងលោក Dana Brown ។
សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងសហភាពអាហ្រ្វិក ដែលជាផ្នែកមួយនៃជំនួបរដ្ឋមន្ត្រីការបរទេស G20នេះ ក៏នឹងមានវត្តមានដែរ។
លោក Rubio បានបដិសេធកិច្ចប្រជុំនេះ បន្ទាប់ពីក្រឹត្យរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បញ្ឈប់ជំនួយបរទេសដល់ប្រទេសនេះ ជុំវិញច្បាប់មួយដែលសេតវិមាន បាននិយាយថា ស្មើនឹងការរើសអើងប្រឆាំងនឹងជនជាតិស្បែកសរបស់ប្រទេសនេះ។ សហរដ្ឋអាមេរិក ក៏មិនពេញចិត្តនឹងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដែរ។
រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង លោក Ronald Lamola បាននិយាយថា ការសម្រេចចិត្តរបស់ លោកRubio មិនមែនជាការធ្វើពហិការទាំងស្រុងចំពោះជំនួប G20 របស់អាហ្វ្រិកខាងត្បូងនោះទេ។ លោក បាននិយាយថា សហរដ្ឋអាមេរិក នឹងត្រូវបានតំណាង នៅទីក្រុង Johannesburg នៅសប្តាហ៍នេះ «ក្នុងទម្រង់មួយឬ រូបរាងមួយ ឬ មួយផ្សេងទៀត»។