វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីនឹងមិនអាចទទួលយកបានឡើយ សម្រាប់ផែនការណាមួយរបស់អង់គ្លេស ក្នុងការបញ្ជូនទាហានទៅអ៊ុយក្រែន ដែលជាផ្នែកនៃលទ្ធភាពពីការមានបេសកកម្មរក្សាសន្តិភាព ហើយថា ដោយមានការព្រួយបារម្ភ ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer។
គួរបញ្ជាក់ថា មេដឹកនាំអង់គ្លេស លោក Starmer បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈ ក្នុងការដាក់ពង្រាយកងទ័ពអង់គ្លេស នៅដែនដីក្នុងប្រទេសអ៊ុយក្រែន ជាការធានាសន្តិសុខ នៅក្នុងករណីមានកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងទីក្រុងមUស្គូ និងទីក្រុងគីវ។
សារព័ត៌មាន Telegraph បានរាយការណ៍ថា លោក Starmer គ្រោងនឹងបង្ហាញផែនការដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបញ្ជូនទាហានអឺរ៉ុបតិចជាង ៣០.០០០នាក់ទៅកាន់អ៊ុយក្រែនជាថ្នូរនឹងការការពារទាហានរបស់អាមេរិក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សំណើនេះមិនអាចទទួលយកបានឡើយ ព្រោះវានឹងមានការចូលរួមពីកងកម្លាំងនៃរដ្ឋសមាជិករបស់អង្គការណាតូ ហើយវាមានផលប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ីដោយផ្ទាល់។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «សំណើនេះបង្កឲ្យមានក្ដីបារម្ភ សម្រាប់ពួកយើង ព្រោះយើងកំពុងនិយាយអំពីការបញ្ជូនកងកម្លាំងយោធា ពោលគឺអំពីលទ្ធភាពអាចកើតមាន ដែលនៅទីបំផុតជាការបញ្ជូនកងកម្លាំងយោធាពីបណ្តាប្រទេសអង្គការណាតូទៅកាន់អ៊ុយក្រែន»៕