កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើនសង្រ្គាមពាក្យសម្តីរបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងបរិហារមេដឹកនាំម្នាក់នេះថា ជាជនផ្តាច់ការដោយគ្មានការបោះឆ្នោត ដោយរូបលោកនិយាយនៅលើបណ្តាញព័ត៌មានសង្គម Truth Social ថា គាត់ត្រូវតែចាត់វិធានការឲ្យបានបឆាប់រហ័ស បើពុំដូច្នោះទេគាត់នឹងត្រូវបបាត់បង់ប្រទេស ។
ការបង្ហោះសាររបស់លោក Trump បានកើតមានឡើងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក Zelenskiy និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ផុងក្នុងពិភពព័ត៌មានមិនពិតរបស់រុស្ស៊ី ក្រោយលោក Trump លើកឡើងថា អ៊ុយក្រែន ត្រូវទទួលខុសត្រូវចំពោះការវាយលុកពេញលេញរបស់រុស្ស៊ី ។ លោក Trump និយាយថា អ្នកមិនត្រូវចាប់ផ្តើមវានោះទេ អ្នកអាចបង្កើតកិច្ចព្រមព្រៀងមួយបាន ។
លោក Zelenskiy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកចង់ឲ្យក្រុមការងាររបស់លោក Trump មានការពិតជាងនេះពីប្រទេសរបស់លោក ។
កាលពីថ្ងៃពុធម្សិលមិញ លោក Zelenskiy បានចាត់ទុកអំណះអំណាងកម្រិតវាយតម្លៃឯកភាពរូបលោកមានចំនួន ៤ភាគរយ ថាជាព័ត៌មានមិនពិតបង្កើតឡើងដោយរុស្ស៊ី ហើយលោកនិយាយថា ការប៉ុនប៉ងជំនួសតំណែងលោក អំឡុងសង្រ្គាមជាមួយរុស្ស៊ី នឹងពុំដំណើរការនោះទេ ។
លោក Zelenskiy បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងសន្និសីទសារព័ត៌មានថា ពេលដែលពួកយើងនិយាយពីអត្រា ៤ភាគរយ ពួកយើងមើលឃើញថានេះគឺជាព័ត៌មានមិនពិត ពួកយើងដឹងថា ព័ត៌មាននេះចេញមកពីរុស្ស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ ការស្ទង់មតិកាលពីដើមខែកុម្ភៈពីវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិក្រុងគីវ បង្ហាញថា ពលរដ្ឋអ៊ុយក្រែន ៥៧ភាគរយ បានទុកចិត្តលើប្រធានាធិបតីរបស់ពួកគេ ៕