រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ ឬ G20 នឹងជួបប្រជុំគ្នា នៅអាហ្វ្រិកខាងត្បូង នាថ្ងៃទី២០ និងទី២១ ខែកុម្ភៈ ចំពេលមានភាពតានតឹង រវាងរដ្ឋសមាជិក ជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែន ជម្លោះពាណិជ្ជកម្ម និងជាមួយអ្នកការទូតជាន់ខ្ពស់របស់អាមេរិក ដែលមិនបានចូលរួមទេ ដោយសារមានភាពរកាំរកូសជាមួយប្រទេសម្ចាស់ផ្ទះ។
ក្រុមប្រទេស G20 ដែលតំណាងឲ្យប្រហែល ៨៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) និង ៣ភាគ៤ នៃពាណិជ្ជកម្មរបស់ពិភពលោក ជារឿយៗជួបការលំបាក ក្នុងការមានគំនិតស្របគ្នា ប៉ុន្តែការខ្វែងគំនិត ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ បានធ្វើឲ្យប្លុកនេះមានភាពប្រេះស្រាំខ្លាំងឡើងៗជាងពេលណាទាំងអស់។
ការមិនចុះសម្រុងគ្នាបានកើនឡើងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែង កាលពីមួយខែមុន ហើយបានអនុវត្តការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្នុងគោលនយោបាយពាណិជ្ជកម្ម និងការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន។
អាហ្រ្វិកខាងត្បូង កាន់តំណែងជាប្រធានប្តូរវេននៃក្រុមនេះ ហើយសម្រាប់ប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក Cyril Ramaphosa កិច្ចប្រជុំលើកដំបូងរបស់ G20 នៅក្នុងទ្វីបអាហ្រ្វិក គឺជាឱកាសមួយ ដើម្បីឲ្យប្រទេសអ្នកមានស្តាប់កង្វល់របស់ប្រទេសក្រីក្រ ពោលគឺស្ថានភាពកាន់តែអាក្រក់ទៅៗ ដូចជាវិសមភាព វិធានការមិនគ្រប់គ្រាន់ ស្ដីពីបម្រែបម្រួលអាកាសធាតុ និងប្រព័ន្ធហិរញ្ញវត្ថុគាំទ្រដល់ធនាគារវិនិយោគ ជាងកូនបំណុលអធិបតេយ្យភាពក្រីក្រជាដើម។
ប៉ុន្តែសហរដ្ឋអាមេរិកនឹងមិនចូលរួមកិច្ចប្រជុំនេះទេ ហើយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅដើមខែនេះ បានរិះគន់ការព្រមព្រៀងគ្នា នៅមុននេះនៃរបៀបវារៈ «ភាពចម្រុះ សមធម៌ និងបរិយាបន្ន» ដោយលោកបានហៅថា «អាក្រក់ខ្លាំងណាស់»៕