មន្ត្រីគណបក្ស នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា គណបក្សកណ្តាលនិយមធំៗបំផុតចំនួន ២ របស់ប្រទេសអូទ្រីស កំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលមិនមានក្រុមស្តាំនិយមជ្រុល គឺគណបក្សសេរីភាព (FPO) បន្ទាប់ពីបក្សនេះមិនអាចបង្កើតរដ្ឋាភិបាល។
វាគឺជាការទទួលបានសំណាងលើកទី៣ ប្រសិនបើគណបក្សអភិរក្សនិយម គឺបក្សប្រជាជន (OVP) និងបក្សប្រជាធិបតេយ្យសង្គម (SPO) អាចឈានដល់កិច្ចព្រមព្រៀង ដោយមានការគាំទ្រខ្លះៗពីគណបក្សកណ្តាលនិយមតូចៗ គិតចាប់តាំងពីកិច្ចប្រឹងប្រែងលើកដំបូងដឹកនាំដោយបក្ស OVP បានបរាជ័យ ក្នុងខែមករា ហើយបន្ទាប់មកការប៉ុនប៉ងដឹកនាំដោយបក្សមិនគាំទ្រអឺរ៉ុប FPO ដែលមាននិន្នាការគាំទ្ររុស្ស៊ី បានដួលរលំ កាលពីសប្តាហ៍មុន។
នេះជារយៈពេលយូរបំផុតដែលប្រទេសអូទ្រីស បានដំណើរការបង្កើតរដ្ឋាភិបាល គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។ យ៉ាងណាក្ដី ប្រសិនបើគ្មានដំណោះស្រាយត្រូវបានរកឃើញ ក្នុងពេលឆាប់ៗនេះ ការបោះឆ្នោតមុនអាណត្តិ ទំនងជានឹងកើតមាន ដោយការស្ទង់មតិបង្ហាញថា បក្ស FPO នឹងទទួលបានសំឡេងគាំទ្រកើនឡើងពី ២៩ភាគរយ ជាកម្រិតដែលបានជួយឲ្យគណបក្សនេះទទួលបានចំណាត់ថ្នាក់ទី១ នៅក្នុងការបោះឆ្នោតសភា កាលពីខែកញ្ញាឆ្នាំមុន។
បន្ទាប់ពីកិច្ចប្រឹងប្រែងដឹកនាំដោយគណបក្ស FPO បានដួលរលំ លោកប្រធានាធិបតី Alexander Van der Bellen ដែលជាអ្នកត្រួតពិនិត្យការបង្កើតរដ្ឋាភិបាលនេះ បាននិយាយថា ជម្រើសចំនួន ៤ នៅតែមាន ដូចជាការបោះឆ្នោតមុនអាណត្តិដែលមិនអាចត្រូវបានប្រារព្ធឡើងលឿនជាងរយៈពេលប្រហែល ៣ខែ បង្កើតរដ្ឋាភិបាលសំឡេងភាគតិច បន្តកិច្ចប្រឹងប្រែងមួយផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែលអាចមានសំឡេងភាគច្រើន ឬបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយដឹកនាំដោយអ្នកជំនាញ ពោលគឺមិនមែនអ្នកនយោបាយមកពីគណបក្សនានា៕