ស្រ្តីម្នាក់ បានស្លាប់ និងមនុស្ស ២នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍បាក់អគារនៅទីក្រុង Rajkot រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ដានាថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមមន្រ្តីក្នុងស្រុក និយាយថា គ្រោះមហន្តរាយនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ម៉ោងក្នុងស្រុក ហើយក្រុមមន្រ្តីក្រុង ជាមួយនឹងក្រុមមន្រ្តីក្នុងស្រុក បានចុះប្រតិបត្តិការជួយសង្រ្គោះភ្លាមៗ ក្រោយទទួលបានការហៅទូរស័ព្ទសុំជួយសង្រ្គោះ ។
លោក Jyotiradiyasing Jedeja គឺជាពលរដ្ឋក្នុងស្រុកមួយរូប និយាយថា នៅវេលាម៉ោង ៨ព្រឹកនេះ សំណង់អគារចាស់ទ្រុឌទ្រោមមួយខ្នងបានបាក់ ។ អ្នកស្រុកបានជូនដំណឹងទៅកាន់សាលាក្រុង និងនាយកដ្ឋានពន្លត់អគ្គិភ័យ ហើយភ្លាមៗនោះ ក្រុមមន្រ្តីក្រុង និងក្រុមពន្លត់អគ្គិភ័យ បានធ្វើដំណើរមកដល់កន្លែងកើតហេតុ ហើយប្រតិបត្តិការជួយសង្រ្គោះ បានបន្តអស់រយៈពេល ៣-៤ម៉ោង ។
សូមបញ្ជាក់ថា រដ្ឋ Gujarat បានមើលឃើញឧបទ្ទេវហេតុបាក់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងកាលពីខែកក្កដា ឆ្នាំ ២០២៤ មនុស្ស ៧នាក់ បានស្លាប់ ក្នុងហេតុការណ៍បាក់អគារនៅទីក្រុង Surat ហើយកាលពីខែតុលា ឆ្នាំ ២០២២ ហេតុការណ៍បាក់ស្ពាន Morbi បានសម្លាប់មនុស្សជាង ១៤០នាក់ ៕