ភ្នំពេញ៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក) អង្គភាពស៊ីម៉ាក់បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការបានបញ្ជាក់ថា រ ដ្ឋាភិបាលអាមេរិកបានឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់។
ឯកឧត្តមថ្លែងថា៖«ខ្ញុំសូមជម្រាបជូនដំណឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ (ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក) អង្គភាពស៊ីម៉ាក់បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង (waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញតាមកិច្ចសន្យាដែលមានស្រាប់»។
ឯកឧត្តម ហេង រតនា ក្នុងនាមថ្នាកដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់ បានគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រ អំពាវនាវដល់រដ្ឋាភិបាលអាមេរិក។
ឯកឧត្តម ក៏បានអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នើសុំទៅរដ្ឋាភិបាលឱ្យលើកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ៕







