នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាសងសឹកលើដែនដីហ្កាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីក្រុមហាម៉ាសបានដោះលែងអ្នកទោសអ៊ីស្រាអែល ៤ នាក់ ទោះមានការចោទប្រកាន់ថាការបដិសេធដ៏យូររបស់លោកក្នុងការចរចាដោះលែងពួកគេនាំឱ្យមានការស្លាប់ពួកគេក៏ដោយ។

ក្រុមហាម៉ាសបានប្រគល់សាកសពរបស់អ្នកស្រី Shiri Bibas កូនពីរនាក់របស់អ្នកស្រី គឺ Ariel និង Kfir - និង ម្នាក់ទៀតឈ្មោះ Oded Lifshitz នៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងហ្កាហ្សាក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះដូររអ្នកទោសជាមួយអ៊ីស្រាអែល។

ក្រុមតស៊ូប៉ាឡេស្ទីនបាននិយាយថា អ្នកទាំង៤ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសដោយមិនរើសមុខរបស់អ៊ីស្រាអែល ក្នុងអំឡុងពេលនៃការប្រល័យពូជសាសន៍រយៈពេល១៦ ខែនៅលើដែនដីរងការហ៊ុំព័ទ្ធមួយនេះ។

ក្រុមហាម៉ាសបាននិយាយថា កងកម្លាំងអ៊ីស្រាអែលទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកទោសដោយការទម្លាក់គ្រាប់បែកលើទីតាំងដែលពួកគេត្រូវបានគេឃុំឃាំង។ ក្រុមនេះបានសង្កត់ធ្ងន់ថាខ្លួនបានប្រព្រឹត្តចំពោះចំណាប់ខ្មាំងដោយមនុស្សធម៌ និងព្យាយាមការពារពួកគេ។
ក្រុមនេះបានកត់សម្គាល់ថាការវាយប្រហារដូចគ្នារបស់អ៊ីស្រាអែលដែលបានសម្លាប់អ្នកទោសទាំង៤នាក់ក៏បានសម្លាប់កុមារប៉ាឡេស្ទីនចំនួន១៧.៨៨១នាក់ផងដែរជាអ្វីដែលក្រុមនេះបានហៅថាជាការទម្លាក់គ្រាប់បែកឧក្រិដ្ឋកម្មនៅតំបន់ហ្កាហ្សាក្រោមដៃរបស់អ៊ីស្រាអែល។
ក្រុមហាម៉ាស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថាបានប្រើប្រាស់ស្ថានភាពនេះ សម្រាប់ការរស់រានខាងនយោបាយរបស់ខ្លួន៕