រដ្ឋាភិបាលប្រទេសប៉េរូ បានប្រកាសកាលពីថ្ងៃពុធ (១៩ កុម្ភៈ) ថា ស្រុកចំនួន ១៥៧កន្លែងនៅក្នុងប្រទេស នឹងត្រូវដាក់ឱ្យស្ថិតក្នុងស្ថានភាពអាសន្នរយៈពេល ៦០ថ្ងៃ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងក្លានៅតែបន្ត ដោយបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងបំផ្លិចបំផ្លាញផ្ទះសម្បែងទូទាំងប្រទេស។

ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក ហ្គាសស្តូ អាឌ្រានហ្សែន (Gustavo Adrianzen) បាននិយាយថា "អនុក្រឹត្យដំបូងនេះនឹងដាក់ស្រុកចំនួន ១៥៧ ក្នុងបញ្ជីគ្រាអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស"។

ក្នុងចំណោមតំបន់ស្ថិតក្រោមភាពអាសន្ន ដែលចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ (២០ កុម្ភៈ) នោះ រួមមានរដ្ឋធានីលីម៉ា និងតំបន់ភាគខាងត្បូង អ៊ីកា (Ica)។ ភ្លៀងធ្លាក់បានបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅតំបន់ផ្សេងៗទៀតនៃប្រទេស ហើយនៅតំបន់ Ica ភ្នាក់ងារនគរបាលបានជួយសង្គ្រោះមនុស្សជាច្រើនដែលជាប់គាំងនៅទន្លេដ៏ជោរជន់។

ជំនន់ទឹកភ្លៀងក៏បានធ្វើឱ្យទន្លេមួយទៀតហូរហៀរនៅក្នុងទីក្រុង ណាសកា (Nazca) ភាគខាងត្បូងផងដែរ ដោយបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង និងដំណាំនៅក្បែរនោះ ព្រមទាំងផ្លូវធ្វើដំណើរនានាត្រូវបានបិទ៕