អតិផរណាខ្ពស់ និងគោលនយោបាយពាណិជ្ជកម្មដ៏រឹងរូសរបស់លោកប្រធានាធិបតី Donald Trump បានធ្វើឱ្យមានការភ័យខ្លាចឡើងវិញនៃភាពជាប់គាំងផ្នែកសេដ្ឋកិច្ចជុំវិញ “អតិផរណាជាប់ទ្រឹង” ដែលជាល្បាយដ៏គួរឱ្យបារម្ភនៃកំណើនយឺតយ៉ាវ និងអតិផរណាមិនឈប់ឈរ ដែលបានលងបន្លាចសហរដ្ឋអាមេរិក ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ សូម្បីតែនៅពេលដែលទីផ្សារនៅតែមានសន្ទុះ ដោយសារកិច្ចប្រឹងប្រែងពង្រឹងកណើននៃរបៀបវារៈរបស់លោក Trump ក៏ដោយ។

ការត្រលប់មកវិញដ៏មានសក្តានុពលនៃអតិផរណាជាប់ទ្រឹង ដែលនឹងដាក់សម្ពាធលើទ្រព្យសកម្មជាច្រើន ត្រូវបានសម្គាល់ជាទៀងទាត់ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនដែលក្លាយជាការគំរាមកំហែងពិតប្រាកដចំពោះផលប័ត្រវិនិយោគិននោះទេ។ ខណៈដែលអ្នកសេដ្ឋកិច្ចមិនទាន់ត្រៀមខ្លួនរួចរាល់ សេណារីយ៉ូដ៏គួរឱ្យភ័យខ្លាចនេះបានត្រលប់មកវិញជាហានិភ័យដ៏សំខាន់សម្រាប់វិនិយោគិនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការរំពឹងទុកនៃសង្រ្គាមពាណិជ្ជកម្ម និងពន្ធដាក់ទណ្ឌកម្មបានជះស្រមោលលើកំណើនរបស់អាមេរិក។

បំណែកសំខាន់នៃអតិផរណាជាប់ទ្រឹង ឬហៅម្យ៉ាងទៀតថា អតិផរណាមិនព្រមថយចុះ បានលេចរូបរាងកាន់តែរឹងមាំនៅដើមខែនេះ នៅពេលទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា តម្លៃទំនិញរបស់អ្នកប្រើប្រាស់កើនឡើងខ្ពស់នៅខែមករា ក្នុងល្បឿនយ៉ាងលឿនបំផុតប្រចាំខែ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ មក ដែលនាំមកនូវអត្រាអតិផរណាប្រចាំឆ្នាំដល់ ៣%។

បំណែកផ្សេងទៀតនៃបញ្ហានេះ គឺជាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ជាមួយនឹងការដំឡើងពន្ធរបស់លោក Trump ដែលគំរាមកំហែងបន្ថែមសម្ពាធអតិផរណាកាន់តែធ្ងន់ធ្ងរ៕