ភាគីមកពីសហរដ្ឋអាមេរិក និងរុស្ស៊ី បានជួបប្រជុំគ្នាយ៉ាងស្ងាត់ៗនៅប្រទេសស្វីស សម្រាប់ការពិភាក្សាក្រៅផ្លូវការអំពីសង្គ្រាមអ៊ុយក្រែន នៅក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងកាលពីសប្តាហ៍មុន នេះបើតាមប្រភពបីដែលដឹងពីរឿងនេះ។

ប្រភពទាំងនោះបានពណ៌នាកិច្ចពិភាក្សានេះថាជាបណ្ដាញដោយឡែកមួយ ជាមួយនឹងការទំនាក់ទំនងមួយចំនួន ដែលកើតឡើងក្នុងអំឡុងពេលអន្តរកាល បន្ទាប់ពីជ័យជម្នះការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា របស់លោកប្រធានាធិបតី Donald Trump ។

ប្រភពបន្តថា ខណៈដែលអ្នកចូលរួមជាអ្នកមានបទពិសោធន៍ការទូត និងសន្តិសុខ ពួកគេមិនមែនជាមន្ត្រីរដ្ឋាភិបាលឡើយ ហើយគេមិនច្បាស់ភ្លាមៗទេថា តើមានរដ្ឋាភិបាលបានបញ្ជូនមនុស្សឱ្យចូលរួមក្នុងកិច្ចពិភាក្សានោះឬយ៉ាងណា។ ប្រភពបញ្ជាក់ថា យ៉ាងហោចណាស់មានទីប្រឹក្សាមួយចំនួនតូចរបស់លោក Trump បានដឹងពីការជួបប្រជុំនេះ។

ព័ត៌មានលម្អិតជាច្រើនទៀតនៅតែមិនច្បាស់លាស់ រួមទាំងរបៀបវារៈនៃកិច្ចប្រជុំ ហើយថាតើមានភាគីអ៊ុយក្រែនចូលរួមឬទេ និងពេលណាដែលជំនួបនេះបានចាប់ផ្តើម។ ប៉ុន្តែកិច្ចប្រជុំនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់អាមេរិក និងរុស្ស៊ី ក្នុងការស្វែងរកវិធីបញ្ចប់សង្រ្គាមអ៊ុយក្រែន។
លោក Trump ដែលកាន់តំណែងត្រឹមតែមួយខែប៉ុណ្ណោះ បានផ្លាស់ប្តូរយ៉ាងខ្លាំងនូវវិធីសាស្រ្តរបស់អាមេរិក ក្នុងជម្លោះអ៊ុយក្រែន ដោយបានចូលរួមដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងជំរុញឱ្យមានកិច្ចព្រមព្រៀងរហ័សដើម្បីបញ្ចប់សង្រ្គាម៕