
ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ បានក្លាយជាយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន និងបានបំពេញបន្ថែម នូវចន្លោះប្រហោងនៃការអភិវឌ្ឍរបស់ប្រទេសនៅក្នុងតំបន់អាស៊ាន។ នេះបើតាមការលើកឡើងរបស់ បណ្ឌិត ប៉ិច សុខេម ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសិក្ខាសាលា តាមអនឡាញ ស្ដីពី៖ កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែវិច្ឆិកា។
លោកបណ្ឌិតបន្តថា កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េនេះ បានសម្រេចជោគជ័យជាប្រវត្តិ សាស្ត្រ ចាប់តាំងពីសេចក្ដីប្រកាសមេគង្គ-ទន្លេហាន ដែលបានអនុមតិកាលពីឆ្នាំ២០១១ កន្លងមក។
ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្ដមបណ្ឌិត Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំ កម្ពុជាបានលើកឡើងថា តំបន់មេគង្គមិនត្រឹមតែជាទីតាំងដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យ ភ្ញាក់ផ្អើលប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាតំបន់ដែលមានការប្រឈមរយៈពេលវែងផងដែរ ដែលក្នុងនោះ មានដូចជា ការប្រែប្រួលអាកាសធាតុ និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាដើម។
ឯកឧត្ដមបន្តថា នៅខណៈដែលមានការប្រារព្ធខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារ ណរដ្ឋកូរ៉េនេះ កូរ៉េក៏កំពុងធ្វើឱ្យប្រសើរថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នេះ ដែលក្នុងនោះមានដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, វប្បធម៌រវាងបណ្ដាប្រទេសក្នុងតំបន់មេគង្គ និងកូរ៉េ។ ឯកឧត្ដមបន្ថែមថា តាមរយៈចំណេះដឹង និងបទពិសោធន៍ដែលទទួលបានតាមរយៈការអភិ វឌ្ឍជាប្រវត្តិសាស្រ្តនេះ ដៃគូកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ នឹងសម្រេចបាននូវជំហាន ដ៏អស្ចារ្យនៅក្នុងវិស័យផ្សេងៗជាច្រើនទៀត៕ដោយ៖ គង់ ឌិន



