អ៊ុយក្រែន អាចទទួលបានសមាជិកភាពណាតូភ្លាមៗ ប្រសិនបើរុស្ស៊ីបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដែលកំពុងចរចាដោយលោកDonald Trump។

សេតវិមានកំពុងពិចារណាយន្តការនេះ ដើម្បីដោះស្រាយកង្វល់ដែលថា លោក Vladimir Putin នឹងប្រើបទឈប់បាញ់ដើម្បីប្រមូលកម្លាំងឡើងវិញ និងបើកការវាយលុកមួយផ្សេងទៀត នេះបើយោងតាមរបាយការណ៍។

នៅក្រោមយុទ្ធសាស្ត្រនេះ ទីក្រុង Kyiv នឹងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ឧបសគ្គជាបន្តបន្ទាប់ ដើម្បីបង្ហាញថា ប្រទេសនេះ សមនឹងការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាលោកខាងលិច។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានអំពាវនាវដដែលៗឱ្យប្រទេសរបស់លោក ទទួលបានសមាជិកភាពសម្ព័ន្ធយោធាណាតូ ដោយហៅថាជាមធ្យោបាយងាយបំផុត សម្រាប់សម្ព័ន្ធភាពមួយនេះក្នុងការធានាសន្តិសុខរបស់ខ្លួន។ សមាជិកទាំង៣២ ប្រទេសរបស់សម្ព័ន្ធភាពនេះ ត្រូវបានគ្របដណ្តប់ដោយមាត្រា៥ ជាប្រការការពារទៅវិញទៅមក ដែលចែងថា ការវាយប្រហារលើប្រទេសមួយគឺស្មើនឹងការវាយប្រហារលើប្រទេសទាំងអស់ក្នុងសម្ព័ន្ធនេះ។

ជាសាធារណៈ សហរដ្ឋអាមេរិក ពុំបានជំរុញឱ្យអ៊ុយក្រែនចូលរួមនោះទេ ដោយលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ថ្មីៗនេះបានប្រាប់កិច្ចប្រជុំរបស់សមភាគីណាតូថា វាជាការរំពឹងទុកមិនប្រាកដប្រជាសម្រាប់អ៊ុយក្រែនក្នុងដំណោះស្រាយសន្តិភាពណាមួយ។
យោងតាមរបាយការណ៍សារព័ត៌មាន NBC news មន្ត្រីអាមេរិក៤រូប បាននិយាយថា សមាជិកភាពអ៊ុយក្រែន អាចមាននៅលើតុចរចា រវាងក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់ការវាយប្រហារមួយផ្សេងទៀត ដោយកងកម្លាំងរុស្ស៊ី ៕