ចៅក្រមសហព័ន្ធមួយរូប បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ (២០ កុម្ភៈ) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump អាចបន្តការបណ្តេញបុគ្គលិកសហព័ន្ធទ្រង់ទ្រាយធំសម្រាប់ពេលនេះ ដោយច្រានចោលកិច្ចប្រឹងប្រែងរបស់ក្រុមសហជីពការងារដើម្បីផ្អាកសកម្មភាពរបស់លោក Trump ក្នុងការបញ្ឈប់កម្លាំងពលកម្មសហព័ន្ធ ដែលមានមនុស្សប្រហែល ២,៣លាននាក់។

លោកចៅក្រម Christopher Cooper ប្រចាំតំបន់វ៉ាស៊ីនតោន របស់អាមេរិក បានលើកឡើងថា ក្រឹត្យដ៏ច្រើនរបស់លោក Trump នៅក្នុងខែដំបូងនៃតំណែងរបស់ខ្លួន បានបង្កឱ្យមាន "ការរំខាន និងភាពចលាចល" នៅក្នុងសង្គមអាមេរិក។ ប៉ុន្តែចៅក្រមរូបនេះបន្ថែមថា លោកហាក់ពុំមានអំណាចគ្រប់គ្រាន់ក្នុងការសម្រេចភាពស្របច្បាប់នៃការបណ្តេញបុគ្គលិករដ្ឋាភិបាលរាប់ម៉ឺននាក់ទេ ដូច្នេះវិធានការនេះអាចបន្តបានក្នុងពេលនេះ។

លោក Cooper បន្តថា សហជីពទំនងជាតម្រូវឱ្យដាក់បណ្តឹងទៅអាជ្ញាធរទំនាក់ទំនងការងារសហព័ន្ធ ដែលអាចបើកសវនាការលើវិវាទរវាងភ្នាក់ងារសហព័ន្ធ និងសហជីពតំណាងបុគ្គលិកក្នុងវិស័យនេះ។

ចៅក្រមបានបដិសេធមិនរារាំងការបណ្ដេញបុគ្គលិកទ្រង់ទ្រាយធំរបស់មេដឹកនាំអាមេរិករូបនេះ ដែលជាជ័យជម្នះដ៏ធំសម្រាប់រដ្ឋបាលលោក Trump ខណៈខ្លួនស្វះស្វែងរកការលុបបំបាត់កម្លាំងពលកម្មសហព័ន្ធ និងកាត់បន្ថយនូវអ្វីដែលខ្លួនគិតថា "ខ្ជះខ្ជាយ និងក្លែងបន្លំ" ការចំណាយរបស់រដ្ឋាភិបាល៕