ប្រទេសចិន បានសម្ដែងការគាំទ្រលើកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នៅឯកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ (២០ កុម្ភៈ) ខណៈសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នាឈរខាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។

តិចជាងមួយខែនៅក្នុងអាណត្តិប្រធានាធិបតីរបស់ខ្លួន លោក Trump បានកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិក ស្តីពីសង្រ្គាម ដោយលុបចោលយុទ្ធនាការដាក់ទីក្រុងមូស្គូឱ្យនៅឯកោ ជាមួយនឹងការហៅទូរសព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី ដែលមិនរួមបញ្ចូលអ៊ុយក្រែន។

ប្រមុខការទូតចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេស G20 ដែលប្រមូលផ្តុំគ្នានៅរដ្ឋធានីអាហ្វ្រិកខាងត្បូងថា "ប្រទេសចិន គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលអំណោយផលដល់សន្តិភាពនៅអ៊ុយក្រែន រួមទាំងការឯកភាពគ្នានាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី"។

រដ្ឋបាលលោក Trump បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានយល់ព្រមធ្វើកិច្ចចរចាបន្ថែមទៀតជាមួយរុស្ស៊ី លើការបញ្ចប់ជម្លោះអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៤ម៉ោងកន្លះនៅអារ៉ាប៊ីសាអ៊ូឌីត។ រុស្ស៊ី និយាយថា កិច្ចចរចាមានប្រយោជន៍ ប៉ុន្តែបានពង្រឹងការទាមទាររបស់ខ្លួន ជាពិសេសដោយទទូចថា ខ្លួននឹងមិនអត់ឱនឱ្យសម្ព័ន្ធមិត្តណាតូ ដែលផ្តល់សមាជិកភាពដល់អ៊ុយក្រែនឡើយ៕