ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២០ កុម្ភៈ) ថា លោកបានព្រមានបណ្ដាប្រទេស BRICS ថាលោកនឹងដាក់ការដំឡើងពន្ធ ១៥០% សម្រាប់ការប៉ុនប៉ងណាមួយក្នុងការបង្កើតជម្រើសជំនួសប្រាក់ដុល្លារអាមេរិក ក្នុងអ្វីដែលលោកហៅថា 'កិច្ចប្រឹងប្រែងបំផ្លាញប្រាក់ដុល្លារ'។

ថ្លែងទៅកាន់សមាគមអភិបាលបក្សសាធារណៈរដ្ឋនៅទីក្រុងវ៉ាស៊ីនតោន លោក Trump បានលើកឡើងថា "រដ្ឋ BRICS កំពុងព្យាយាមបំផ្លាញប្រាក់ដុល្លារអាមេរិក ហើយពួកគេចង់បង្កើតរូបិយប័ណ្ណថ្មីមួយ"។ លោក Trump ក៏បានបង្ហើបដែរថា ប្រទេស BRICS ប្រហែលជាចង់ប្រើប្រាស់ប្រាក់យ័នរបស់ចិន។

កាលពីមុន លោក Trump ធ្លាប់គំរាមថា លោកនឹងដាក់ពន្ធ ១០០% លើការនាំចូលពីបណ្តាប្រទេស BRICS ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួន ឬបោះបង់ប្រាក់ដុល្លារ។

គួររម្លឹកថា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌលើរុស្ស៊ី ជុំវិញសង្រ្គាមអ៊ុយក្រែន ក្រុមប្រទេស BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានចាប់ផ្តើមការពិភាក្សាកាន់តែខ្លាំងឡើងជុំវិញការពឹងផ្អែកតិចជាងមុនលើប្រាក់ដុល្លារ នេះបើតាមរបាយការណ៍ពីសារព័ត៌មាន Politico។ ការជំនួសប្រាក់ដុល្លារគឺជាគោលដៅរបស់ក្រុម BRICS អស់ជាច្រើនឆ្នាំហើយ ប៉ុន្តែបំណងនេះត្រូវបានរារាំងដោយការមិនចុះសម្រុងគ្នាក្នុងចំណោមប្រទេសសមាជិក៕