នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានណែនាំយោធាឱ្យធ្វើប្រតិបត្តិការ«ខ្លាំងក្លា» នៅតំបន់ West Bank ក្រោយការបំផ្ទុះរថយន្តក្រុងនៅជិតទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ជាអ្វីដែលខុទ្ធការល័យរបស់លោក Netanyahu បានចាត់ទុកថា ជាការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំ។

ពុំមានអ្នកសា្លប់ឬរងរបួសត្រូវបានគេរាយការណ៍ទេ ខណៈនគរបាលអ៊ីស្រាអែលបាននិយាយថា មានការបំផ្ទុះរថយន្តក្រុងចំនួនបីគ្រឿងនៅជាយក្រុងអ៊ីស្រាអែលចំនួនពីរកន្លែងនៅខាងក្រៅទីក្រុង Tel Aviv ហើយឧបករណ៍បំផ្ទុះចំនួនបួនគ្រឿងត្រូវបានរកឃើញ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការបំផ្ទុះបានកើតឡើងនៅលើរថយន្តក្រុងក្នុងឃ្លាំង ហើយជារថយន្តក្រុងទទេ។

ការបំផ្ទុះនេះគឺជាការកត់សម្គាល់យ៉ាងច្បាស់អំពីការបំផ្ទុះគ្រាប់បែករថយន្តក្រុងដ៏បង្ហូរឈាមនៅក្នុងប្រទេសអ៊ីស្រាអែល ជាសញ្ញានៃការបះបោរប៉ាឡេស្ទីនក្នុងទសវត្សរ៍ឆ្នាំ២០០០ ទោះបីជាការវាយប្រហារបែបនេះកម្រកើតមាននៅពេលនេះ ក៏ដោយ។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនកំពុងជួយនគរបាល និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Shin Bet ក្នុងការស៊ើបអង្កេត ហើយកំពុងតាមរកជនសង្ស័យ ដោយណែនាំឱ្យសាធារណជនមានការប្រុងប្រយ័ត្ន ។