
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះមនុស្សចាស់គ្មានទីពឹងក្នុងកាលៈទេសៈដែលកម្ពុជា កំពុងស្ថិតក្នុងរដូវរងា តាមរយៈការផ្តល់សម្ភារៈចាំបាច់ដូចជា មុង ភួយ ជាដើមដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ។
តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅព្រឹកព្រលឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំព្រះខែ ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋថែទាំសុខភាពឲ្យបានល្អ ខណៈកម្ពុជាកំពុងស្ថិតក្នុងរដូវរងា។
អ្វីដែលជាការបារម្ភរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរដូវរងានេះ គឺជនចាស់ជរាគ្មានទីពឹង ជនអនាថាគ្មានទីជម្រក មនុស្សចាស់ដែលពុំមានកូនចៅនៅជិត ដែលចាំបាច់ត្រូវយកចិត្តទុកដាបំផុត។ ទន្ទឹមគ្នានេះ សម្តេចតេជោបានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យយកចិត្តទុកដាក់ចំពោះសុខភាពរបស់មនុស្សចាស់ដែលគ្មានទីពឹង តាមរយៈការផ្តល់នូវសម្ភារៈចាំបាច់ ដូចជាមុង ភួយ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅក្នុងរដូវរងា។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ចៅអធិការវត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះលោកយាយជីតាជី ដែលបានទៅសុំសីល នៅតាមទីវត្តអារាម ធ្វើឲ្យយ៉ាងណាផ្តល់ភាពកក់ក្តៅឲ្យពួកគាត់ តាមរយៈការផ្តល់ជាភួយ ជាមុង ក្នុងរដូវត្រជាក់នេះ។ ចំពោះព្រះសង្ឃដែលមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផងដែរ។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ទោះបីកម្ពុជាអាចគ្រប់គ្រងស្ថានភាពឆ្លងជំងឺកូវីដ១៩ បានក្តី តែជំងឺកូវីដ-១៩ នៅមិនទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយទេ។
សម្តេចបញ្ជាក់ថា ក្នុងស្ថានភាពដែលអាកាសធាតុចុះត្រជាក់នេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអាចកើតជំងឺផ្តាសាយបានគ្រប់ពេល ហើយដែលអាចឈានទៅកើតជំងឺកូវីដ១៩ ផងដែរ ដែលចាំបាច់ត្រូវការការពារជាមុន ដើម្បីបញ្ចៀសបានការផ្ទុះរីករាលដាលជាថ្មីនូវជំងឺឆ្លងរាតត្បាតសកលមួយនេះ៕