ក្រសួងឧស្សាហកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះថា មន្ត្រីប្រទេសកូរ៉េខាងត្បូង បានស្នើសុំការលើកលែងពីការដំឡើងពន្ធសហរដ្ឋអាមេរិក លើដែកថែប និងអាលុយមីញ៉ូម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីក្នុងសប្តាហ៍នេះ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

អនុរដ្ឋមន្ត្រី លោក Park Jong-won ដែលបានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ទៅធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធ ដោយបានអះអាងថាការដំឡើងពន្ធស្ទើរតែទាំងអស់រវាងប្រទេសទាំងពីរ ត្រូវបានលុបចោលរួចហើយនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ខ្លួន។

ខណៈជាអ្នកនាំចេញពិភពលោកដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មកំពូលជាមួយសហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង បានចាត់ទុកវិធានការរបស់លោក Trump ជាការព្រួយបារម្ភកាន់តែខ្លាំងឡើង។
ក្រសួងបាននិយាយថា លោក Park បានសរសើរការវិនិយោគនៅក្នុងសហរដ្ឋអាមេរិកដោយក្រុមហ៊ុនកូរ៉េខាងត្បូង ហើយបានស្នើឱ្យមានកិច្ចប្រជុំកម្រិតខ្ពស់ជាមួយរដ្ឋបាលលោក Trump ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោកក៏បានជួបជាមួយសមាជិកសភា និងបានជំរុញពួកគេឱ្យរក្សាការលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងការធ្វើប្រតិបត្តិការនៅសហរដ្ឋអាមេរិក។