ការវាយប្រហារជាច្រើនលើក នៅចន្លោះថ្ងៃពុធ ទី១៩ ខែកុម្ភៈ និងថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ បង្កឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជនក្រុង Cucuta នៅក្នុងជុំថ្មីនៃអំពើហិង្សានៅភាគឦសានប្រទេសកូឡុំប៊ី។ ការវាយប្រហារ បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធរបស់នគរបាល ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយាការណ៍ថា អាជ្ញាធរបានបញ្ជាក់ថាមនុស្សយ៉ាងហោចណាស់៦នាក់បានរងរបួសក្នុងការវាយប្រហារនេះ។ នៅពេលនេះ អាជ្ញាធរកំពុងផ្តល់ប្រាក់ចំនួន២៥.០០០ដុល្លារ ជារង្វាន់សម្រាប់ព័ត៌មានអំពីអ្នកដែលទទួលខុសត្រូវការបំផ្ទុះ។

រលកនៃអំពើហិង្សាបានកើតឡើង ក្នុងពេលវិបត្តិមនុស្សធម៌ដែលនៅតែបន្តកើតមាននៅទីក្រុង Catatumbo និងតំបន់ទីប្រជុំជន Cucuta ខណៈកងទ័ពព្រៃនៃកងទ័ពរំដោះជាតិ (ELN) បានចាប់ផ្តើមបង្កើនការវាយប្រហារនៅភាគឦសានប្រទេសប្រឆាំងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី(FARC) ដែលកំពុងធ្វើការចរចាសន្តិភាពជាមួយរដ្ឋាភិបាល និងប្រឆាំងមេដឹកនាំសង្គម។
រហូតមកដល់ពេលនេះ គ្មានអង្គការណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ យោងតាមអង្គការ Save The Children បានឲ្យដឹងថា មនុស្សប្រហែល ៨៥.០០០នាក់ បានរងផលប៉ះពាល់ដោយអំពើហិង្សានៅក្នុងតំបន់ Catatumbo ភាគខាងជើងក្រុង Cucuta ចាប់តាំងពីថ្ងៃទី ១៦ ខែមករាមក ហើយកុមារយ៉ាងហោចណាស់ ១៤.៦០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន។
ការវាយលុករបស់កងទ័ពព្រៃនៃកងទ័ពរំដោះជាតិ (ELN) ប្រឆាំងក្រុមកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី(FARC) បានចាប់ផ្តើមនៅពាក់កណ្តាលខែមករា នៅតាមព្រំដែនជាមួយប្រទេសវេណេស៊ុយអេឡា ជាតំបន់មានដំណាំស្លឹកកូកាអ៊ីន ដែលត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រសម្រាប់ការជួញដូរគ្រឿងញៀន។