សេតវិមាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនរំពឹងថាសមាជិកសម្ព័ន្ធយោធាណាតូទាំងអស់ នឹងចំណាយយ៉ាងហោចណាស់២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិ នៅកិច្ចប្រជុំកំពូលបន្ទាប់របស់សម្ព័ន្ធមិត្ត រយៈពេលបួនទៀតខែចាប់តាំងពីពេលនេះ។

តម្រូវការនេះ បង្កើនសម្ពាធលើសម្ព័ន្ធមិត្តដូចជាប្រទេសកាណាដា ដែលបានខកខានគោលដៅចំណាយជាយូរមកហើយ ហើយពុំមានផែនការបំពេញសម្រាប់រយៈពេល៧ឆ្នាំទៀត ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងជំរុញឱ្យមានការបង្កើនការចំណាយលើវិស័យការពារជាតិយ៉ា និងកាត់បន្ថយការពឹងផ្អែកលើសន្តិសុខរបស់សហរដ្ឋអាមេរិក។

ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump លោក Mike Waltz បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមានថា «ការពិតដែលថា យើងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នៅខែមិថុនា ដោយមួយភាគបីនៃសម្ព័ន្ធមិត្តណាតូរបស់យើង ពុំបានបំពេញចំនួនអប្បបរមាពីរភាគរយ ជាការប្តេជ្ញាចិត្តដែលពួកគេបានធ្វើឡើងកាលពីមួយទសវត្សរ៍មុន ដែលនេះពុំអាចទទួលយកបាន។ តម្រូវការអប្បបរមាត្រូវតែបានបំពេញ យើងចាំបាច់ត្រូវមាន១០០ភាគរយ នៅត្រឹមខែមិថុនាខាងមុខនេះ នៅឯកិច្ចប្រជុំកំពូលរបស់NATO ហើយក្រោយមកយើងនិយាយអំពីការបង្កើនលើសពីនេះ។
មេដឹកនាំសម្ព័ន្ធយោធា NATO គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី២៤ ខែមិថុនា រយៈពេល៣ ថ្ងៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្ត ដែលនឹងធ្វើឡើងជាលើកដំបូង ចាប់តាំងពីលោក Trump ត្រឡប់ទៅកាន់សេតវិមានវិញ។